ទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលសង្ខេបនៃបេសកម្មគាំទ្រលើកទី៣ នៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលសង្ខេបនៃបេសកម្មគាំទ្រលើកទី៣ នៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២។

នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមបេសកកម្មការងារធនាគារពិភពលោក ដឹកនាំដោយលោកស្រី Vica Rosario Bogaerts  ប្រធានគ្រប់គ្រងគម្រោង និងសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមការងារធនាគារពិភពលោក ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការអនុវត្តគម្រោងកន្លងមក។

 

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី Vica បានចែករំលែកពីសកម្មភាពសំខាន់ៗនៃបេសកកម្មនេះ ដែលក្នុងនោះមាន ការចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បេសកកម្មចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពាន និងផ្លូវ នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម ព្រមទាំងការប្រជុំពិភាក្សាសកម្មភាពលម្អិតលើសមាសភាពនីមួយៗជាមួយក្រុមការងារគម្រោងផ្នែកសង្គម បរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់ បច្ចេកទេសផ្លូវ លទ្ធកម្ម និងគណនេយ្យ និងហិរញ្ញវត្ថុ។

 

សង្ខេបជារួម លោកស្រី Vica បានបង្ហាញអំពីការវាយតម្លៃល្អប្រសើរដូចការរំពឹងទុកចំពោះវឌ្ឍនភាពការងារក្នុងឆ្នាំទី១នៃការអនុវត្តគម្រោងកន្លងមក ព្រមទាំងធ្វើបទបង្ហាញសង្ខេបអំពីផែនការសកម្មភាពបន្ត ជូនអង្គប្រជុំ ដោយទទួលបានការឯកភាពពីភាគីពាក់ព័ន្ធទាំងអស់។

 

បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់សូមឲ្យប្រធានផ្នែក និងសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោងទាំងអស់ ព្យាយាមពន្លឿនការអនុវត្តផែនការសកម្មភាពបន្តនីមួយៗ ដោយធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងយកចិត្តទុកដាក់ពង្រឹងការកសាងសមត្ថភាពរបស់ខ្លួន ក៏ដូចជាស្ថាប័នទាំងមូល។

 

កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ