រដ្ឋមន្រ្ដីក្រសួង ចំនួន៣ រួមគ្នាចុះពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃកូ ខេត្តព្រៃវែង
- ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ២:៥១ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ និងមន្ត្រីបច្ចេកទេស អញ្ជើញទៅត្រួតពិនិត្យតាមដានស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃកូ ខេត្តព្រៃវែង។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពនេះយកប្រភពទឹកពីទន្លេមេគង្គ មានផ្ទៃរងទឹកមាន ៧៩៥ ០០០ម៉ែត្រការ៉េ លំហូរប្រចាំឆ្នាំជាមធ្យម ១៤ ៥០០ម៉ែត្រគួប ក្នុងមួយវិនាទី ។
ស្ថានីយ៍ជំហានទី ១ នេះមានតួនាទីនាំប្រភពទឹកពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រពលើផ្ទៃដីកសិកម្មក្នុងខេត្តព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។
នាព្រឹកថ្ងៃដដែលនេះដែរគណ:ប្រតិភូ នៃក្រសួងទាំង ៣ បានអញ្ជើញទៅពិនិត្យប្រព័ន្ធស្រោចស្រពជំហានទី ២ មានទីតាំងនៅខេត្តព្រៃវែង ដែលមានលទ្ធភាពអាចស្រោចស្រពបាន ៩៣ ១០០ ហិកតា នៅរដូវវស្សា និង ២៣ ៣០០ ហិកតា នៅរដូវប្រាំង ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ប្រើប្រាស់ទឹក តំណាងសហគមន៍បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន ២ កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជាការឆ្លើយតប ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងអាជ្ញាធរស្រុកទៅធ្វើការពិនិត្យ និងសិក្សាទីតាំង ព្រមទាំងលើកគម្រោងសាងសង់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ជាក់ស្ដែង៕