ផ្លូវជនបទក្រាលដោយល្បាយក្រួសចំនួន៣ខ្សែ ដែលមានប្រវែងសរុប ១៨ ០០០ម៉ែត្រ ស្ថាបនាដោយកងវិស្វកម្មក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិកាជាតិឆ្នាំ២០២៣ ត្រូវបានសមាជិកលទ្ធកម្មអន្តរក្រសួងទាំងពីរ ចុះត្រួតពិនិត្យ និងវាយតម្លៃនឹងដាក់ឲ្យប្រើប្រាស់
- ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:០២ ព្រឹក
- សកម្មភាពក្រសួង
ខេត្តរតនគិរី នៅថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនៈគិរី បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០៣ គម្រោង រួមមាន៖
គម្រោងទី ១៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ ខ្សែ ប្រវែង ៥ ៥០០ម ទទឹង ៧ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខពីរចំនួន ០៣ កន្លែង លូមូលមុខមួយចំនួន ០៣ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិកាចូនក្រោម ដល់ភូមិទៀមឈើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី សម្រេចលទ្ធផល១០០%។
គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ ខ្សែ ប្រវែង ៧ ៥០០ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខមួយចំនួន ០១ កន្លែង លូមូលមុខមួយចំនួន ០៧ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ដែលខ្សែផ្លូវនេះភ្ជាប់ពីភូមិផាក់ណាម ឃុំកោះពាក្យ ទៅភូមិឡាំងអាវ និងភូមិប៉ាតឹង ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី សម្រេចលទ្ធផល ១០០%។
គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ ខ្សែ ប្រវែង ៥ ០០០ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខពីរចំនួន ០១ កន្លែង លូមូលមុខបីចំនួន ០២ កន្លែង លូមូលមុខពីរចំនួន ០២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី សម្រេចលទ្ធផល ១០០%។
គម្រោងទាំង ៣ ខាងលើនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១ សាងសង់ក្នុងឆ្នាំ ២០២៣។
បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិនិត្យលើការអនុវត្តការងាររបស់អ្នកទទួលការ ជាលទ្ធផល បានសម្រេចវាយតម្លៃទទួលយក ១០០% សម្រាប់គម្រោងខាងលើនេះ។ ជាមួយគ្នានេះ គណៈកម្មការអន្តរក្រសួង បានសំណូមពរដល់មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ពេលចុះពិនិត្យការដ្ឋាន និងសំណូមពរដល់អ្នកទទួលការត្រូវបន្តពង្រឹងលើបច្ចេកទេសទាំងការប្រើប្រាស់វត្ថុធាតុដើម ទាំងគុណភាព និងសោភណ័ភាពរបស់សំណង់ ប្រកបដោយប្រសិទ្ធភាព និងត្រូវរៀបចំដាក់ស្លាកសញ្ញាចរាចរឲ្យបានត្រឹមត្រូវតាមកម្រិតបច្ចេកទេសផងដែរ៕