តំណាងក្រុមហ៊ុនចិន China Railway 16th Bureau Group CO., LTD សូមគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនចិន China Railway 16th Bureau Group CO., LTD (CRCC ) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន តាមរយៈក្រុមហ៊ុន CRCC ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានជម្រាបជូន តំណាងក្រុមហ៊ុន នូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ រួមមាន ៖

១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍

២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បង្កើនចំណូលគ្រួសារ

៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដោយពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ឯកឧត្តមក៏បានលើកឡើងនូវគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ក្រោមឥណទានឥតសំណងរបស់រដ្ឋាភិបាលចិន ជួយដល់កម្ពុជា ដែលគម្រោងនោះមាន ៣ដំណាក់កាល ដំណាក់កាលទី១ និងដំណាក់ទី២ បានបញ្ចប់រួចរាល់ហើយ ចំពោះដំណាក់ទី៣ គឺស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន CRCC បានធ្វើការវាយតម្លៃខ្ពស់ និងបានគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទតាមការលើកឡើងរបស់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ នាពេលនោះ និងស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងក្រុមហ៊ុន CRCC ដែលអញ្ជើញជួបពិភាក្សាការងារនាពេលនេះ និងសូមស្វាគមន៍រាល់ជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលចិន តាមរយៈក្រុមហ៊ុនវិនិយោគនានាចូលមកកម្ពុជា៕

Share your thoughts