ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការអនុវត្តអនុកម្មវិធីទី ៤ នៃកម្មវិធីទី ៣

ចែលរំលែក
photo 2023 09 28 12 48 37

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការអនុវត្តអនុកម្មវិធីទី ៤ នៃកម្មវិធីទី ៣ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន រួមមាន ឯកឧត្ដម សឹម សុខព្រី អនុរដ្ឋលេខាធិការ ឯកឧត្ដម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ និងលោក អ៊ិន ចាន់រតនៈ អគ្គនាយរងបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានសរុបចំនួន ៤៧នាក់ ។

 

បន្ទាប់ពី ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានរាយការណ៍សង្ខេបស្តីពី វឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត របស់នាយកដ្ឋានរួច ឯកឧត្តម គុយ ឆាយ បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានទាំងអស់ ដែលបានខិតខំ និងសហការអនុវត្តសកម្មភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ពិសេសសកម្មភាពនៃការអភិវឌ្ឍចម្រុះ និងការជំរុញឱ្យមានការអភិវឌ្ឍភូមិគំរូ ដែលនាយកដ្ឋានបាននិងកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ជាមួយនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមអំពី យុទ្ធសាស្រ្ដអាទិភាពទាំងបួនរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សំដៅធ្វើឱ្យជនបទស៊ីវីល័យ និងកាត់បន្ថយភាពក្រីក្រ ដើម្បីកម្ពុជាអាចសម្រេចបានចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។

 

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2023 09 28 12 48 33photo 2023 09 28 12 48 34photo 2023 09 28 12 48 35 2photo 2023 09 28 12 48 35photo 2023 09 28 12 48 36photo 2023 09 28 12 48 37

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ