ការចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុង និងត្រួតពិនិត្យមើលលក្ខខណ្ឌនានាស្តីពី សុវត្ថិភាពបរិស្ថាន និងសង្គម នៅអំឡុងពេលអនុវត្តគម្រោងនៅក្នុងទីតាំងការដ្ឋានសាងសង់ស្ពាន និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅតាមទីតាំងសាងសង់ស្ពានចំនួន៣កន្លែង
- ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ២:៣៨ ល្ងាច
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ៖ នាថ្ងៃអង្គារ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក សន ធឿន ប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្ត និងក្រុមការងារនៃអង្គភាពអនុវត្តគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSADRMP-2) ខេត្តត្បូងឃ្មុំ បានចូលរួមអមដំណើរក្រុមការងារដែលដឹកនាំដោយ លោក ទាង ឆាយហៀង ប្រធានគ្រប់គ្រងគម្រោងគ្រប់គ្រងគ្រោះហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ និងក្រុមបេសកកម្មរបស់ធនាគារពិភពលោក (World Bank) ដើម្បី៖
១. ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុងចំនួន៣កន្លែង រួមមាន ៖
– ស្ពានទី១ ប្រវែង៣៨ម ទទឹង៨ម ស្ថិតនៅក្នុងភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូររាំងឪ
– ស្ពានទី២ ប្រវែង៣០,០៩ម ទទឹង៨ម ស្ថិតនៅភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូររាំងឪ
– និងស្ពានទី៣ ប្រវែង៧២.១៥ម ទទឹង៨ម ស្ថិតនៅភូមិកំពង់ឪជ្រឹង ស្រុកកោះសូទិន
២. ត្រួតពិនិត្យមើលលក្ខខណ្ឌនានាស្តីពី សុវត្ថិភាពបរិស្ថាន និងសង្គម នៅអំឡុងពេលអនុវត្តគម្រោងនៅក្នុងទីតាំងការដ្ឋានសាងសង់ស្ពាន និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅតាមទីតាំងសាងសង់ស្ពានទាំង៣ ខាងលើ។
ជាមួយគ្នានេះដែរក្រុមការងារបានណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវរៀបចំដាក់ស្លាកសញ្ញាផ្លូវវាងទឹកលិច និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ឱ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរពេលយប់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕