ផ្លូវបេតុង ១ខ្សែ ប្រវែង ៥០០ម៉ែត្រ ត្រូវបានចុះត្រួតពិនិត្យ និងវាយតម្លៃដាក់ឲ្យប្រើប្រាស់ ដោយគណៈកម្មាធិការអន្តរក្រសួង
- ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥:៥៣ ល្ងាច
- សកម្មភាពក្រសួង
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ គណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសាងសង់ផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ៥០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅភូមិសាស្ត្រភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
បន្ទាប់ពីបានត្រួតពិនិត្យ ប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសរួចមក គណៈកម្មាធិការអន្តរក្រសួង បានឯកភាព និងទទួលយកនូវលទ្ធផលអនុវត្តការងារ ១០០% របស់អ្នកទទួលការ។
លើសពីនេះ គណៈកម្មាធិការអន្តរក្រសួង បានណែនាំដល់អ្នកទទួលការ សូមជួយថែទាំផ្លូវនេះឲ្យបានល្អប្រសើរទាំងបច្ចេកទេស គុណភាព និងសោភ័ណភាព សំដៅធានាប្រើប្រាស់បានយូរអង្វែង ដើម្បីទុកជាប្រយោជន៍រួមដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានងាយស្រួលផងដែរ និងបានណែនាំឲ្យចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា៕