សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី សេចក្តីព្រាងការរៀបចំគោលការណ៍ណែនាំប្រតិបត្តិការ និងផែនការអភិវឌ្ឍហិរញ្ញប្បទានសាធារណៈជាតិសម្រាប់វិស័យអនាម័យ
- ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥:៤៦ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំអង្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី សេចក្តីព្រាងការរៀបចំគោលការណ៍ណែនាំប្រតិបត្តិការ និងផែនការអភិវឌ្ឍហិរញ្ញប្បទានសាធារណៈជាតិសម្រាប់វិស័យអនាម័យ។
អង្គសិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រី ដួង ដានី អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធទឹកកង្វក់ នៃក្រសួងសាធារណការនិងដឹកជញ្ជូន អង្គការយូនីសេហ្វ (UNICEF) អង្គការសហគ្រាសអភិវឌ្ឍន៍អន្តរជាតិកម្ពុជា (IDE) អង្គការទស្សន:ពិភពលោក (Word Vision) អង្គការវ័តធឺអេត (Water Aid) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សរុបចំនួន ២៦ នាក់។
អង្គសិក្ខាសាលានេះមានគោលបំណង៖ ដើម្បីពិភាក្សាលើការប្រមូលទិន្នន័យសម្រាប់ចាប់ផ្តើមដំណើរការរៀបចំគោលការណ៍ណែនាំប្រតិបត្តិការ និងផែនការអភិវឌ្ឍន៍វិស័យអនាម័យ ដើម្បីឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG) ដែលរាជរដ្ឋាភិបាលមានគោលដៅសម្រេចឲ្យបាន៩០% ជាមូលដ្ឋាន លើការគ្របដណ្តប់សេវាទឹកស្អាតនិងអនាម័យ នៅឆ្នាំ២០២៥ និង សម្រេចបាន ១០០% លើការគ្របដណ្តប់សេវាទឹកស្អាតនិងអនាម័យប្រកបដោយសុវត្ថិភាព នៅឆ្នាំ២០៣០ សម្រាប់តំបន់ជនបទ។
ជាលទ្ធផល សម្រាប់ការរៀបចំយុទ្ធសាស្ត្រហិរញ្ញវត្ថុជាតិសម្រាប់វិស័យអនាម័យនេះ គម្រោងបានសម្រេចជ្រើសរើស ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ជាខេត្តដំបូងគេសម្រាប់សាកល្បងក្នុងការចុះប្រមូលទិន្នន័យ។