ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ឱ្យបន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌

ចែលរំលែក
10 12

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនសហគមន៍ចលនាភូមិថ្មីនៅភូមិជម្ពូព្រឹក្ស ឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពរបស់សហគមន៍ចលនាភូមិថ្មីរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ព្រមទាំងបានឧបត្ថម្ភឧបករណ៍បំពងសម្លេងមួយឈុតដល់សហគមន៍ផងដែរ ។ ជាមួយនេះ ក៏បានអញ្ជើញទៅពិនិត្យសមិទ្ធផលនានារបស់សហគមន៍ចលនាភូមិថ្មី រួមមាន ៖ សាលាមត្តេយ្យ ទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ សួនកុមារ ស្រះទឹក សាលាបុណ្យ តម្បាញលក្ខណៈគ្រួសារ និងពិនិត្យស្រះចិញ្ចឹមត្រីជាលក្ខណៈគ្រួសារផងដែរ។

សូមបញ្ជាក់ផងដែរថា៖ គម្រោងអភិវឌ្ឍន៍ជនបទតាមគំរូចលនាភូមិថ្មី បាននិងកំពុងអនុវត្តភូមិគំរូសាកល្បងចំនួន ៣០ភូមិ ក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺ ១០ភូមិ តាកែវ ១០ភូមិ និងខេត្តត្បូងឃ្មុំចំនួន ១០ភូមិ ។  ដោយឡែកនៅឃុំចម្ប៉ា ស្រុកព្រៃកប្បាស មាន៥ភូមិគឺ៖ ភូមិជម្ពូព្រឹក ភូមិឫស្សីថ្មី ភូមិពន្សាំង ភូមិចម៉្បា និងភូមិរនាមពេជ្រ ដោយផ្ដោតទៅលើការផ្លាស់ប្ដូរផ្នត់គំនិតពីភាពខ្ជិលច្រអូស ផ្ដេកផ្ដួលលើជំនួយខាងក្រៅ និងភាពអាត្មានិយម មកជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម រឹងមាំដោយខ្លួនឯង និងចេះជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។

នារសៀលថ្ងៃដដែលនោះដែរ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ដោយមានការចូលរួមពីសំណាក់លោក មូល វិចិត្ត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ៩ខែដើមឆ្នាំ២០២៣ ដោយលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាពេលកន្លងមក និងបានលើកឡើងពីយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ហើយក្រសួងអភិវឌ្ឍន៍ជនបទ ខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅជនបទប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្ដម បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការដូចខាងក្រោមនេះ ៖

១-បន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

២- សហការឱ្យបានល្អជាមួយបណ្តាក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់រដ្ឋបាលខេត្ត។

៣- ពង្រឹងវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន វាយតម្លៃ និងត្រួតពិនិត្យប្រជុំប្រចាំខែ ត្រីមាស ឆមាស។

៤- ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល។

៥- ត្រូវបង្កើតឱ្យមានអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងឱ្យបានទូលំទូលាយដល់សាធារណៈជន ។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

1 182 183 174 185 186 187 188 179 1510 1211 1012 713 714 615 416 217 118 119 120 1

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ