ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង បានប្រារព្ធពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ

ចែលរំលែក

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្ធពិធីអបអរសាទរក្នុងឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០ ព្រឹក នៅទីស្ដីការក្រសួង ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង បានប្រារព្ធពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆន្ទដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តមរបស់មនុស្សជាតិទាំងមូល តាមរយៈសេចក្ដីសម្រេច 45 COM 8B.8 ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។

ពិធីនេះ ត្រូវបានរៀបចំឡើងដោយប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមគ្គទេសក៍ដ៏ឆ្នើម បានសម្រេចយកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីអបអរសាទរចំពោះមហាសមិទ្ធផល និងកិត្យានុភាពដ៏ត្រចេះត្រចង់ថ្មីមួយទៀតនេះរបស់កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការយ៉ាងច្រើនកុះករ រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក យ៉ាងក្លៀវក្លា ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយឥតគណនា ដែលជាសញ្ញាណបង្ហាញនូវកិត្តិនាមដ៏ល្បីល្បាយបន្ថែមទៀតរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។

គួររំលឹកថា៖ រមណីយដ្ឋានប្រាសាទកោះកេរ គឺជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ ត្រូវបានស្ថាបនាឡើងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤។ នៅឆ្នាំ២០១៨ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីជំនាញក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញការអន្តរជាតិ បានកសាងនូវឯកសារដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតដល់ឆ្នាំ២០២០ ទើបឯកសារនេះបានលេចចេញជារូបរាងឡើង ស្របទៅតាមអនុសញ្ញា ស្តីពីការការពារបេតិកភណ្ឌពិភពលោកវប្បធម៌ និងធម្មជាតិ ហើយត្រូវបានសម្រេចលើកសំណើជាផ្លូវការទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីខែមករា ឆ្នាំ២០២១៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ