ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងគម្រោង ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ចំនួន២ អញ្ជើញបំពេញញទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ អំពីការគ្រប់គ្រងផ្លូវជនបទដែលមានភាពធន់នឹងអាកាសធាតុ នៅទីក្រុងតូក្យូ និងទីក្រុងសេនដាយ នៃប្រទេសជប៉ុន
- ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១១:៣៦ ព្រឹក
- សកម្មភាពក្រសួង
ប្រទេសជប៉ុន៖ នៅថ្ងៃចន្ទ-សៅរ៍ ១១រោច ខែស្រាពណ៍-២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១-១៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទស អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជានិងអាស៊ីអាគ្នេយ៍ ជំហានទី២ (SEADRM2) ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងការកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីអនុវត្តគម្រោង បានអញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការគ្រប់គ្រងផ្លូវជនបទដែលមានភាពធន់នឹងអាកាសធាតុ នៅទីក្រុងតូក្យូ និងទីក្រុងសេនដាយ នៃប្រទេសជប៉ុន។
កម្មវិធីខាងលើនេះមានគោលបំណងគឺដើម្បីផ្លាស់ប្តូរបទពិសោធន៍អំពីការរៀបចំផែនការ និងការគ្រប់គ្រងផ្លូវជនបទ ដែលមានភាពធន់នឹងអាកាសធាតុ ដែលរៀបចំឡើងជាផ្នែកមួយនៃជំនួយបច្ចេកទេសស្ថិតនៅក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី២ (SEADRM2) និងគម្រោងការកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទាន របស់ធនាគារពិភពលោក (World Bank)។
ក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះទៀតសោត ប្រតិភូក្រសួង និងមន្ត្រីគម្រោងបានជួប និងសិក្សាលើបញ្ហាចំនួន ៦ចំណុចដែលយកសិក្សាដូចខាងក្រោម ៖
១. ប្រវត្តិនៃការអភិវឌ្ឍផ្លូវនៅប្រទេសជប៉ុន
២. ការគ្រប់គ្រងហានិភ័យទឹកជំនន់ក្នុងការអភិវឌ្ឍផ្លូវជនបទ
៣. ការគ្រប់គ្រងទឹកជំនន់
៤. ការពិចារណាលើការកាត់បន្ថយតំបន់រងគ្រោះដោយទឹកជំនន់
៥. ការធ្វើផែនការ និងការសិក្សាគ្រោងប្លង់ផ្លូវ
៦. និងចុះពិនិត្យផា្ទល់នៅស្ពានឆ្លងកាត់ឆ្នេរសមុទ្រ Kesennuma នៅទីក្រុង Miyaki ដែលបានសាងសង់ឡើងវិញបន្ទាប់ពីត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងការរញ្ជួយដីដ៏ធំមួយនៅឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Sendai និងរលកយក្សស៊ូណាមិ កាលពីខែមីនា ឆ្នាំ២០១១៕