ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:០២ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់ឯកឧត្តម លាភ សំណាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និង ឯកឧត្តម ពេជ្រ សេដ្ឋា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងាររបស់អង្គភាពទាំងពីរ លើការងារអធិការកិច្ច ការងារកែលម្អ និងពង្រឹងស្ថាប័ន ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអង្គភាពទាំងពីរ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំការសាកសួរសុខទុកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ដ្រីរាជការគ្រប់រូបក្រោមឱវាទក្រសួង និងបានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការដែលមានវត្តមានក្នុងអង្គពិធី ដើម្បីលើកឡើងនូវមតិយោបល់ ក៏ដូចជាសំណូមពរ ដែលមានចំណុចដូចខាងក្រោម៖
– អង្គភាពទាំងពីរត្រូវពង្រឹងការអនុវត្ត និងប្រើប្រាស់ថវិកាកម្មវិធី ស្របតាមផែនការសកម្មភាពដែលបានគ្រោងទុកតាំងពីដើមឆ្នាំ។
– ពង្រឹងការងារចុះសវនកម្ម និងអធិការកិច្ចដើម្បី បង្កើនប្រសិទ្ធភាពការងារ និងតម្លាភាពរវាងអង្គភាពអនុវត្តគម្រោង និងម្ចាស់មូលនិធិ។
ជាការឆ្លើយតប ទៅនឹងការលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំ នាឱកាសសំណេះសំណាលនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានយល់ស្របជាមួយអ្វីដែលជាការលើកឡើង របស់ឯកឧត្តមជាថ្នាក់ដឹកនាំទទួលបន្ទុក។ ជាមួយនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ឡើងវិញអំពីកម្មវិធីអាទិភាពទាំង ៤ ដែលក្រសួង ត្រូវខិតខំសម្រេចឱ្យបានរួមមាន៖
– អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទសមាហរណកម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ។
– កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅផ្លាស់ប្តូរឥរិយាបទ រស់នៅប្រកបដោយ ផាសុខភាព មានសុខភាពល្អ និងអនាម័យ ។
– ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ ។
– ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ ។
ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីរាជការក្រោមឱវាទអង្គភាពទាំងពីរ ដែលមានខ្លឹមសារដូចខាងក្រោម៖
១. មន្រ្ដីនៃអង្គភាពទាំងពីរត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដែលមានស្រាប់ ដើម្បីសម្រេចជោគជ័យបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
២. ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពទាំងពីរត្រូវគោរពវិន័យ របៀបរបបធ្វើការ កំណត់របបប្រជុំតាមដាន និងត្រួតពិនិត្យជាប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ និងត្រូវរាយការណ៍ និងសុំយោបល់ឱ្យបានទាន់ពេលវេលា។
៣. ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការមានជំងឺ មន្រ្ដីរាជការមានពិការភាព ជាពិសេសមន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះពេលវេលាបំពេញការងារ ជាពិសេសថ្នាក់ដឹកនាំត្រូវគិតគូរ ការលើកទឹកចិត្តតាមរយៈការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ការផ្ដល់គ្រឿងឥស្សរិយយស ឬការផ្ដល់ប័ណ្ណសរសើរជាដើម។
ពិធីសំណេះសំណាលត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕