ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទី១ ស្តីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍”
- ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៤:១៨ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទី១ ស្តីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍” ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានផ្លូវលំជនបទ និងមន្រ្តីជំនាញ សរុបចំនួន ៧៧រូប។
ជាលទ្ធផលអង្គប្រជុំសម្រេចបានរួមមាន ៖
១. រៀបចំធ្វើសម្រង់ទិន្នន័យពាក់ព័ន្ធនឹងការស្ថាបនា ជួសជុល ថែទាំផ្លូវជនបទ ដែលប្រើប្រាស់ថវិកាជាតិ និងថវិកាដៃគូ ព្រមទាំងទិន្នន័យផ្លូវដែលរងគ្រោះដោយ ទឹកជំនន់ និងត្រូវជួសជុលបន្ទាន់ ដើម្បីគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី និងសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត
២. រៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ និងការបញ្ចូលក្នុងផែនទីឲ្យបានឆាប់រហ័ស។ ដោយឡែកចំពោះនិតិវិធីដាក់លេខផ្លូវ នឹងគោរពស្នើសុំឯកឧត្តមរដ្ឋមន្រ្តី រៀបចំឲ្យមានកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៅពេលឆាប់ៗខាងមុខ
៣. ចំពោះការរៀបចំអនុក្រឹត្យស្តីពីចំណីផ្លូវជនបទ និងការដឹកលើសទម្ងន់ជាដើម គួររៀបចំដោយឡែក និងគោរពស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីពន្លឿនការងារនេះ
៤. រាល់ការស្ថាបនាផ្លូវទៅតំបន់មានសក្តានុពលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ គួរបង្កើតគណៈកម្មការចុះពិនិត្យ និងវាយតម្លៃ ដោយមានការចូលរួមពីដៃគូ អភិវឌ្ឍន៍ និងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី
៥. របៀបរបបការងារ និងលំហូរឯកសារ អនុវត្តជាបណ្តោះអាសន្នតាមនីតិវិធីពី ថ្នាក់នាយកដ្ឋានជំនាញ ទៅអគ្គនាយករងទទួលបន្ទុក, អគ្គនាយក, អនុរដ្ឋលេខាធិការ-រដ្ឋលេខាធិការទទួលបន្ទុកអនុកម្មវិធី បន្តទៅអនុរដ្ឋលេខាធិការ-រដ្ឋលេខាធិការទទួលបន្ទុកកម្មវិធី និងគោរពជូន ឯកឧត្តមរដ្ឋមន្រ្តី មុននឹងទទួលបានការណែនាំថ្មីពី ឯកឧត្តមរដ្ឋមន្រ្តី
៦. នាយកដ្ឋានផ្លូវលំជនបទ នឹងធ្វើសម្រង់ខ្សែផ្លូវដែលបាន និងកំពុងសាងសង់ ថែទាំប្រចាំ, ថែទាំខួប និងជួសជុលបន្ទាន់ ដែលប្រើប្រាស់ថវិកាជំពូក២១ និងជំពូក ៦១ និងទិន្នន័យមួយចំនួនទៀត ព្រមទាំងបញ្ជីឈ្មោះក្រុមហ៊ុនផងដែរ
៧. រាល់ឯកសារពាក់ព័ន្ធនឹងគម្រោងដៃគូអភិវឌ្ឍន៍ និងឯកសារពាក់ព័ន្ធនឹងគម្រោង សាច់ប្រាក់ពលកម្ម ត្រូវផ្តល់ជូននាយកដ្ឋានផ្លូវលំជនបទដើម្បីរក្សាទុកជាឯកសារ
៨. កំណត់របបប្រជុំសាមញ្ញប្រចាំខែជាមួយនាយកដ្ឋានផ្លូវលំជនបទ នៅរៀងរាល់សប្តាហ៍ទី៤ នៃខែនីមួយៗ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង, ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញ និងអាចប្រជុំវិសាមញ្ញ ក្នុងករណីចាំបាច់
៩.នាយកដ្ឋានផ្លូវលំជនបទ បង្កើតគ្រុបតេឡេក្រាមមួយដោយឡែក ដោយមានសមាសភាពថ្នាក់ដឹកនាំពាក់ព័ន្ធ, នាយកដ្ឋានជំនាញ និងប្រធានមន្ទីរអភិវឌ្ឍន៍រាជធានី-ខេត្ត ដើម្បីតាមដាន និងឆ្លើយតបលើបណ្តាញផ្សព្វផ្សាយសង្គមពាក់ព័ន្ធ នឹងផ្លូវលំជនបទ៕