សិក្ខាសាលាស្តីពី ការប្រើប្រាស់ឧបករណ៍វិភាគបញ្ហាប្រឈមលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកម្ពស់សុខភាពអនាម័យជនបទ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅការសម្រេចបានខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥:៤២ ល្ងាច
- សកម្មភាពក្រសួង
ខេត្តរតនគិរី៖ នៅថ្ងៃពុធ-ព្រហស្បត្តិ៍ ៦-៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យខេត្ត(PWG) តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានអញ្ជើញជាអធិបតីភាពក្នុង
សិក្ខាសាលាស្តីពី ការប្រើប្រាស់ឧបករណ៍វិភាគបញ្ហាប្រឈមលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់សុខភាពអនាម័យជនបទ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅការសម្រេចបានខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ សិក្ខាសាលានេះត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលឧបត្ថម្ភដោយអង្កការ PLAN international និង អង្គការ UNICEF រៀបចំធ្វើឡើងរយៈពេលចំនួន២ថ្ងៃគឺថ្ងៃទី៦-៧ ស្ថិតនៅភូមិខ្មែររីសត និងមានការអញ្ជើញ ចូលរួមពីលោកអនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោកតំណាងអង្គការភ្លែន លោក លោកស្រីអភិបាលក្រុង ស្រុកទាំង៩ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងដៃគូអង្គការជាច្រើនរូប សរុបចំនួន៤៣រូប ស្រ្តី០៤រូប។
ឯកឧត្តមអភិបាលរងខេត្តរតនគិរី មានប្រសាសន៍ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជម្រុញការអភិវឌ្ឍន៍នានានៅតាមមូលដ្ឋានសំដៅលើការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផងដែរការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលរដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពោលគឺធ្វើយ៉ាងណាអោយការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ គឺការសម្រេចអោយបាននូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យអោយបាន៩០% និង ទស្សនវិស័យ “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅ សហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាតនិង អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។
ទាំងនេះជាយន្តការសំខាន់ៗមួយចំនួនដែលរដ្ឋបាលខេត្តរតនគិរី បានដាក់ចេញដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងក្នុងការលើកកម្ពស់ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ រួមមានការបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គង់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ដែលក្រុមការងារបានធ្វើការប្រជុំ ជាប្រចាំរៀងរាល់៣ខែម្តង ដើម្បីធ្វើបច្ចុប្បន្នភាពនៃវឌ្ឍនភាពវិស័យទឹកស្អាត និងអនាម័យ ។