ឯកអគ្គរាជទូតជប៉ុន៖ កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ

ចែលរំលែក
photo 2023 05 19 07 52 57

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ។
ឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្ដម UENO Atsushi ដែលត្រូវបានរដ្ឋាភិបាលជប៉ុនចាត់បញ្ជូនមកបំពេញបេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ ឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមឯកអគ្គរាជទូត និងសហការីដែលបានអញ្ជើញមកជួបពិភាក្សាការងារនាពេលនេះ បានបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានតាំងពីរឆ្នាំ១៩៩៣ មក ហើយមានភាពរឹងមាំជាប្រវត្តិសាស្រ្ដ ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តជម្រាបជូនពីបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទមានភាពធូធារ ស៊ីវីល័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ គឺតាមរយៈការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងការផ្គតផ្គង់ទឹកស្អាត និងអនាម័យដែលជាឆ្អឹងខ្នងសេដ្ឋកិ្ចដ៏សំខាន់របស់ប្រជាកសិករនៅជនបទ ។ ការផ្គតផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រេចឲ្យបាន ១០០%នៅឆ្នាំ២០២៥ ជាទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាទិសដៅប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ។
ជាការឆ្លើយតប ឯកឧត្ដម UENO Atsushi បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ដែលបានអនុញ្ញតឲ្យឯកឧត្ដម ព្រមទាំងសហការី ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានបញ្ជាក់ថា ឯកឧត្ដមបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីខែមករា ឆ្នាំនេះ ហើយរូបលោកធ្លាប់បានមកកម្ពុជាតាំងពីឆ្នាំ១៩៩២មក នៅឆ្នាំ២០២២ លោកបានអមដំណើរនាយករដ្ឋមន្រ្ដីជប៉ុនមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ឯកឧត្ដម ឯកអគ្គរាជទូត បានបន្តថា៖ ក្នុងតយៈពេលប៉ុន្មានខែនេះ លោកបានធ្វើដំណើរទៅតាមបណ្ដាខេត្តចំនួន ១០ នៃកម្ពុជាដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅជនបទ និងបានកត់សម្គាល់ថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ៕
ឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានជូនពរឯកឧត្ដម UENO Atsushi ឲ្យបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ៕

photo 2023 05 19 07 52 57photo 2023 05 19 07 53 03photo 2023 05 19 07 53 06photo 2023 05 19 07 53 09photo 2023 05 19 07 53 16photo 2023 05 19 07 53 20photo 2023 05 19 07 53 23photo 2023 05 19 07 53 26photo 2023 05 19 07 53 30photo 2023 05 19 07 53 33photo 2023 05 19 07 53 36

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ