ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពង់ស្ពឺជាខេត្តទី៤ ដែលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
- ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១២:០១ ល្ងាច
- សកម្មភាពក្រសួង
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បែបនេះក្នុងឪកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពង់ស្ពឺទទួលជ័យលាភីជានាព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ស្ពឺ
ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត ជាពិសេសថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺដែលអនុវត្តយ៉ាងសកម្ម ធ្វើឲ្យខេត្តកំពង់ស្ពឺ សម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF) បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្ដាល។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតឡើងនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលបានកំណត់គោលនយោបាយច្បាស់លាស់មួយគឺ ” លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជនប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ” ក្នុងគោលបំណង ជំរុញកំណើនប្រាក់ចំណូលតាមគ្រួសារ នៅជនបទ និងលើកកម្ពស់ សុខុមាលភាពប្រជាជនជនបទ និងបានជម្រាបជូនពីយុទ្ធសាស្រ្ដអាទិភាពចំនួន ៤ របស់ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទគឺ ១- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ។ ២- លើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ។ ៣-ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាលនិងកិច្ចការទូទៅ ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តថា៖ យោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០២០ បានឱ្យដឹងថា ៖ ប្រមាណ ៧៣% នៃគ្រួសារកម្ពុជា មានប្រភពទឹកស្អាត សម្រាប់ប្រើប្រាស់នៅឆ្នាំ២០១៩ នៅតំបន់ទីប្រជុំជន គ្រួសារដែលមានប្រភពទឹកស្អាត សម្រាប់ទទួលទានមាន ៨៤% ដែលក្នុងនេះ ប្រមាណ ៧៣,២% នៃគ្រួសារនៅទីប្រជុំជន មានប្រភពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ ទទួលទាន នៅក្នុងបរិវេណគេហដ្ឋាន ខណៈគ្រួសារនៅជនបទមានតែ ៥៨% ដែលមានប្រភព ផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទទួលទាន។
ប្រមាណ ៨២,៨៣% នៃគ្រួសារកម្ពុជាមានបង្គន់អនាម័យប្រើប្រាស់ ក្នុងនោះតំបន់ទី ប្រជុំជន ៩០,៤១% និងជនបទ ៧៨,៣១%។ ចំពោះគ្រួសារកម្ពុជា ដែលមិនមានបង្គន់អនាម័យប្រើមាន ១៧,១៧% ក្នុងនោះទីប្រជុំជនមាន ៩,៥៩% និងជនបទ ២១,៦៩% បានន័យថា គ្រួសារកម្ពុជាឆ្នាំ២០១៩ មានបង្គន់អនាម័យប្រើប្រាស់ ០៩គ្រួសារ ក្នុងចំណោម១០គ្រួសារ នៅទីប្រជុំជន និង៨គ្រួសារនៅជនបទ។ ក្នុងនោះ ប្រមាណ ៤៩,៦% នៃគ្រួសារមានបង្គន់អនាម័យ នៅទីប្រជុំជនប្រើប្រាស់ បង្គន់ចាក់ទឹក ឬចុចបង្ហូរទឹកតភ្ជាប់ទៅប្រព័ន្ធលូ ចំណែកនៅជនបទ មានត្រឹមតែ ២៤,៨%។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ប្រជាជនទូទាំងប្រទេស ៩០% ទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ និង ៨០% ទទួលបានសេវាអនាម័យ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម វ៉ឺ សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា៖ គិតត្រឹមឆ្នាំ២០២២ ចំនួនខ្នងផ្ទះមានទឹកស្អាតសម្រាប់ហូប និងសម្រាប់ប្រើប្រាស់មានចំនួន ១៤២ ៦៤៦ខ្នង ដែលមានអត្រាគ្របដណ្តប់ស្មើនឹង ៧៣% ។ ស្ថានភាពក្រុង ស្រុក ដែលទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF មាន៖ ១. ស្រុកបសេដ្ឋទទួលបាន ODF នៅឆ្នាំ២០១៩ ២. ក្រុងច្បារមន ទទួលបាន ODF នៅឆ្នាំ២០២១ និងស្រុកចំនួន ០៦ទៀតរួមមាន ស្រុកគងពិសី ឱរ៉ាល់ ភ្នំស្រួច ឧដុង្គ សំរោងទង និងស្រុកថ្ពង ទទួលបាន ODF នៅ២០២២ ៕