លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA) នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

នៅចន្ទ និងថ្ងៃអង្គារ ១៤,១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ២០-២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការ ភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា។

កិច្ចប្រជុំនេះបានរៀបចំដោយគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា ដែលមានការចូលរួមពី សមាជិកគណៈកម្មការដឹកនាំភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងរដ្ឋាភិបាល វិស័យឯកជន និងអ្នកសិក្សាស្រាវជ្រាវ ក្នុងគោលបំណងត្រួតពិនិត្យលើរបាយការណ៍វឌ្ឍនភាព ពិភាក្សាលើផែនការសកម្មភាពសំខាន់ៗនាពេលខាងមុខ។

កិច្ចប្រជុំក៏បានពិភាក្សាអំពីក្របខណ្ឌលទ្ធផល និងយុទ្ធសាស្រ្តពាក់ព័ន្ធនានា សម្រាប់ឆ្នាំ ២០២១-២០២២ និង បញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក ពិភាក្សាស្វែងរកនូវយុទ្ធសាស្រ្តឆ្លើយតបដែលសមស្រប ដើម្បីធ្វើឲ្យប្រសើរឡើងនូវការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យ។

កិច្ចប្រជុំបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅសម្រេចបានតាមគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិលើការទទួលបានសេវាទឹកស្អាត ការសំអាត និងអនាម័យសម្រាប់ទាំងអស់គ្នា៕

Share your thoughts