ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Kamei Karuko ប្រធាន JICA ប្រចាំកម្ពុជា

នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ព.ស ទី១៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ប្រចាំនៅប្រទេសកម្ពុជា ចូលជួបពិភាក្សាការងារ និងជម្រាបលាខណៈលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជា នៅចុងខែមីនា ឆ្នាំនេះ។
ក្នុងជំនួបនេះ មានលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់របស់ JICA ប្រចាំប្រទេសកម្ពុជា និងលោក គង់ វិសិដ្ឋ មន្ត្រីគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Kamei Haruko និងសហការីដែលបានមកចូលរួមក្នុងជំនួបនេះ ដែលជាផ្នែកមួយក្នុងការបន្តព្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អបន្ថែមទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងបានជម្រាបជូនភ្ញៀវថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ។ គម្រោងនេះមានរយៈពេលពីឆ្នាំ២០២៣ ដល់២០២៨ គ្រោងនឹងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរុប ៥២៩ គីឡូម៉ែត្រ នៅខេត្តគោលដៅទាំង ៤ គឺខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។
ជាកាឆ្លើយតប លោកស្រី Kamei Haruko បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ដែលបានអនុញ្ញាតឲ្យលោកស្រី និងសហការីបានជួបសំដែងការគួរសម និងពីភាក្សាការងារនាពេលនេះ ហើយលោកស្រី បានសម្ដែងនូវការគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ដំណើរការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ នៅកម្ពុជា ។ លោកស្រី Kamei សម្តែងនូវសុទិដ្ឋិនិយមថា ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូរមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ តាមរយៈការស្ដារ និងសាងសង់ផ្លូវនៅទីជនបទ៕

Share your thoughts