ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអញ្ជើញទៅពិនិត្យស្ថានភាពទឹកជំនន់ទន្លេដែលធ្វើឱ្យលិចលង់ផ្លូវនានា នៅក្នុងឃុំចំនួន ៥ លើ ៧កន្លែង ស្មើនឹងប្រវែងជាង ២១,៥គម ក្នុងស្រុកបរិបូណ៌

កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការ ងារដែលរួមមាន ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ លោក នួន សុខា អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមផងដែរពីសំណាក់លោកអភិបាលស្រុកបរិបូណ៌ និងមេឃុំឆ្នុកទ្រូ អញ្ជើញទៅពិនិត្យស្ថានភាពទឹកជំនន់ទន្លេដែលធ្វើឲ្យលិចលង់ផ្លូវនានា នៅក្នុងឃុំចំនួន ៥ លើ ៧កន្លែង ស្មើនឹងប្រវែងជាង ២១,៥គម ក្នុងស្រុកបរិបូណ៌ ដែលក្នុងនោះមាន៖
១- ឃុំឆ្នុកទ្រូ:
– ផ្លូវសេះស្លាប់ ប្រវែងសរុប ៧,៥គម (ទឹកលិចលើប្រវែងជាង ២គម)
– ផ្លូវឆ្នុកទ្រូទៅវត្តកំពង់ព្រះ ប្រវែង ២,៥គម (លិចទាំងស្រុង)
– ផ្លូវឆ្នុកទ្រូទៅតំបន់យុគន្ធរ ប្រវែង ៤គម (លិចទាំងស្រុង)
២- ឃុំត្រពាំងចាន់-ឃុំឆ្នុកទ្រូ
– ផ្លូវកណ្តាល ទៅតំបន់យុគន្ធរ ប្រវែង ៤,៥គម (លិចលើ និងច្រោះជើងទេរ ប្រវែងជាង ៣,៥គម)
– ផ្លូវក្បាលដំរី ទៅតំបន់ក្រចាប់ ប្រវែង ៣,៥គម (លិចលើប្រវែងជាង ២,៥គម)
៣- ឃុំខុនរ៉ង
– ផ្លូវដើមជ្រែ ទៅកំពង់អួរ ប្រវែង ៧,៥គម (លិចលើប្រវែងជាង ៣,៥គម)
៤- ឃុំមេលំ ឃុំកំពង់ព្រះគគីរ
– ផ្លូវមេលំ ទៅកោះតាម៉ូវ ប្រវែង ៧,៥គម (លិចលើ និងច្រោះជើងទេរ ប្រវែងជាង ៣.៥គីឡូម៉ែត្រ)

ឯកឧត្ដមបណ្ឌិត សួស គង់ បានលើកឡើងថា ដោយអនុវត្តទៅតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាល:ទេស:ដែលស្ទើរតែទូទាំងប្រទេសកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសក្រសួង ដោយបែងចែកជាក្រុមការងារចំនួន ០៥មុខព្រួញសំដៅចំពោះខេត្តដែលទទួលរងផលប៉ះពាល់សំខាន់ៗ ដើម្បីអនុវត្តនូវគោលបំណង ០៣យ៉ាង គឺ:
(១) បើផ្លូវដាច់ដោយទឹកជំនន់ ត្រូវសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួង ដើម្បីចាក់បំពេញផ្លូវឡើងវិញសំដៅភ្ជាប់ចរាចរណ៍ជូនប្រជាជនភ្លាម។
(២) បើផ្លូវត្រូវទឹកជំនន់ហូរច្រោះ
ត្រូវកត់ត្រា និងត្រៀមលើកគម្រោងជួសជុល ថែទាំ។
(៣) បើផ្លូវត្រូវទឹកលិចទាំងស្រុង ដូចករណីក្នុងឃុំឆ្នុកទ្រូ ពេលទឹកស្រកភ្លាម អាជ្ញាធរមូលដ្ឋានត្រូវហាមឃាត់ប្រជាពលរដ្ឋកុំឲ្យបើកបរយានយន្តលើផ្លូវនោះ បង្ការកុំឲ្យផ្លូវខូចព្រោះគ្រឹះវានៅទន់នៅឡើយ។ ទន្ទឹមនេះ ត្រូវវាយតម្លៃដើម្បីត្រៀមលក្ខណ:ក្នុងការលើកផែនការជួសជុល៕

 

Share your thoughts