ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST ) និងបេតុង ០១ ខ្សែ ប្រវែង ១០,៦៧៩ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) មានទីតាំងតភ្ជាប់ពីភូមិជីផុច ឃុំជីផុចទៅដល់ភូមិព្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង

នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅបរិវេណវត្តពោធិមង្គល ហៅវត្តចំបក់ ភូមិពោធិរោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST ) និងបេតុង ០១ ខ្សែ ប្រវែង ១០,៦៧៩ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) មានទីតាំងតភ្ជាប់ពីភូមិជីផុច ឃុំជីផុចទៅដល់ភូមិព្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។

គម្រោងនេះ ចាប់ផ្ដើមពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន ៦៧ លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន ៦០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB )និង ៧,៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។

គម្រោងនេះមានសមាសភាពចំនួនពីរគឺ៖

ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ចំនួន ៧៥ ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុង ចំនួន ៧៥ ស្រះ។

ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលសមាសភាពទាំងពីរនេះអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ០៥ គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្ត កោះកុង ៕

Share your thoughts