សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣
- ១ dayមុន ថ្ងៃទី៥ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣
[English Below] រាជធានីភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥, តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងមន្ដ្រីជំនាញ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ សរុបប្រមាណ ៣០០រូប។
សិក្ខាសាលាពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅរយៈពេល ១ព្រឹក ដោយមានការធ្វើបទបង្ហាញលើឯកសារចំនួន ២ រួមមាន៖ ទី១)សេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ និងទី២)សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តស្តីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ដោយ លោក ចាន់ សុភា ប្រធាននាយកដ្ឋានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។ ជាមួយគ្នានោះដែរ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រទាំងពីរខាងលើ ព្រមទាំងបានចូលរួមផ្ដល់ជាធាតុចូលជាច្រើន ធ្វើឱ្យសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ក្លាយជាឯកសារគតិយុត្ត និងផែនទីបង្ហាញផ្លូវសម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ភូមិនិងសហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ។
អញ្ជើញមានប្រសាសន៍ក្នុងសិក្ខាសាលានេះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះវត្តមានរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ ដែលជាកាយវិការបង្ហាញនូវស្មារតីរួមគ្នាជាសហថាមពល ក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ លើការងារអភិវឌ្ឍន៍ជនបទ ជាពិសេសការងារអភិវឌ្ឍន៍សហគមន៍ជនបទ។ តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានជំនាញដែលខិតខំរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តទាំងពីរនេះ បានយ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គសិក្ខាសាលាទាំងមូលដែលបានចូលរួមពិភាក្សាយ៉ាងផុសផុល និងផ្តល់ជាធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដែលជាបំពេញបន្ថែមនូវចំណុចខ្វះខាត និងធ្វើឱ្យផែនការយុទ្ធសាស្រ្តទាំងពីរនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនថា ការអភិវឌ្ឍភូមិនិងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ ព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ សហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។ ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ដើម្បីប្រើប្រាស់ជាឯកសារគិតយុត្ត និងជាផែនទីបង្ហាញផ្លូវក្នុងការជំរុញការងារអភិវឌ្ឍន៍ភូមិនិងសហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងល្អប្រសើរក្នុងការអភិវឌ្ឍភូមិនិងសហគមន៍នាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ដែលបានកែប្រែតំបន់ជនបទឱ្យមានការរីកចម្រើន និងប្រែប្រួលគួរឱ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធ៌ម ព្រមទាំងភាពស៊ីវីល័យ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវយកមតិយោបល់ និងធាតុចូលទាំងអស់ដែលទទួលបានពីការពិភាក្សាក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ដាក់បញ្ចូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តទាំងពីរនេះ ឱ្យបានពេញលេញ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការរៀបចំផែនការយុទ្ធសាស្រ្តនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានជោគជ័យប្រកបដោយភាពប្រាកដនិយម ដើម្បីឆ្លើយតបទៅនឹងបរិបទនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ក្នុងគោលដៅចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥៕
Consultation workshop on the draft Strategic Plan for Rural Community Development 2026–2033 and the draft Strategic Plan for Household Economic Diversification in Rural Areas 2026–2033
Phnom Penh: On the morning of Thursday, November 5, 2026, the Ministry of Rural Development organized a consultation workshop on the draft Strategic Plan for Rural Community Development 2026–2033; and the draft Strategic Plan for Household Economic Diversification in Rural Areas 2026–2033, under the high chairmanship of H.E. Chhay Rithisen, Minister of Rural Development. The workshop was attended by the Permanent Secretary of State, senior ministry leaders, representatives of relevant ministries and institutions, deputy governors from the councils of the 25 capital–provincial administrations, development partners, national and international NGOs, and technical officials from the Ministry of Rural Development and provincial Departments of Rural Development, with about 300 participants in total. Program: Held over one morning, the workshop featured two presentations: (1) Draft Strategic Plan for Rural Community Development 2026–2033, presented by Mr. Dy Sarat, Director of the Department of Village and Rural Community Development; and (2) Draft Strategic Plan for Household Economic Diversification in Rural Areas 2026–2033, presented by Mr. Chan Sophea, Acting Director of the Department of Rural Economic Development.Participants engaged in a robust discussion on both drafts, providing numerous inputs to make the documents more comprehensive, evidence based, and practical roadmaps for village and rural community development and rural economic diversification.
H.E. Chhay Rithisen thanked all stakeholders for their valuable time and participation, reflecting a shared spirit of “joint energy” under a dynamics of stakeholder system approach to rural development, especially community development. He commended the technical departments for preparing the two draft strategies to a high standard and thanked the workshop for its energetic debate and substantive inputs that further strengthen both drafts. He underlined that resilient, inclusive development of villages and rural communities, together with diversification of rural household economies, are priority tasks of the Ministry of Rural Development, supporting overall rural community development, all types of social land concession communities, and indigenous communities. The Ministry is developing these two strategic plans as rigorous policy documents and roadmaps to drive rural village/community development and rural economic diversification more effectively. The Minister praised the leadership, technical officials, and all stakeholders for their responsible and professional cooperation to date, which has driven notable progress in rural areas across economic, social, cultural, and civic dimensions. He instructed the technical working groups to incorporate all comments and inputs from today’s discussions fully into the two draft strategies. He concluded with several recommendations to guide the finalization of the strategies so they are comprehensive, realistic, and implementable—addressing the actual contexts and needs of rural citizens and contributing to the successful implementation of the National Policy on Rural Development 2025–2035.





