ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ
- ៥ ម៉ោងមុន ថ្ងៃទី២៧ ខែសីហា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ
[English] ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុប ៩៨,៤០៥គីឡូម៉ែត្រ ក្នុងនោះកំណាត់ផ្លូវជាតិលេខ៧៣ មានប្រវែង ៤៩,៨១២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ត្បូងឃ្មុំ មានចំណុចចាប់ផ្តើមពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ចំណុចបញ្ចប់នៃស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ត្បូងឃ្មុំ-ក្រចេះ)។ ដោយឡែក កំណាត់ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៥៩៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុច ៥០០ម៉ែត្រ ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៥៩៣គីឡូម៉ែត្រ ចាប់ពីផ្សារសណ្ដាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
ខ្សែផ្លូវទាំង ៣ខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ដែលផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ការសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនទំនិញនិងកសិផល ព្រមទាំងជំរុញឱ្យមានសក្ដានុពលទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា៕
Kratie Province: On Tuesday morning, August 25, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as Guest of Honor the inauguration and official opening of three roads located in Tboung Khmum and Kratie provinces, presided over by Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
The three roads total 98.405 kilometers. National Road 73 measures 49.812 kilometers within Tboung Khmum province, beginning at the Pratheat Junction in Pratheat Village, Sralob Commune, Tboung Khmum District, and ending at the Kampong Reang Bridge in Seda Commune, Dambae District, on the Tboung Khmum–Kratie provincial border. The combined length of Provincial Roads 377 and 377A is 48.593 kilometers. Of these, Provincial Road 377 runs 35 kilometers, starting 500 meters from the Preab Sor Roundabout in Krakor Village, Krakor Sangkat, Kratie City, and extending to the “100-Post” Pagoda in Sambur District; Provincial Road 377A covers 13.593 kilometers, running from Sandan Market in Sandan Commune to its junction with National Road 7 in Sangkum Village, Sandan Commune, Sambor District, Kratie Province.
These three corridors are strategically important, bringing substantial economic and social benefits by strengthening connectivity between populated and remote areas, easing passenger travel and the transport of goods and agricultural products, and enhancing tourism potential throughout Kratie Province and neighboring provinces.








