ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ “AFD” ប្រចាំកម្ពុជា

ចែលរំលែក
photo 2022 10 12 20 18 14

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង កាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកស្រី Sandrine BOUCHER នាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ “AFD”ប្រចាំកម្ពុជា បានកោតសរសើរពីសហប្រតិបត្តិការដ៍ល្អរបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ។

​ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍លោកស្រីនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហការីដែលបានអញ្ជើញមកសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ ។ ជាមួយនេះក៏ បានសម្តែងការអបអរសាទរចំពោះលោកស្រីដែលត្រូវបានតែងតាំងជានាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារំាង AFD ដែលកន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទនាពេលកន្លងមក ។

​ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានជម្រាបជូនថា ផែនការសកម្មភាពក៍ដូចជាបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មានចក្ខុវិស័យធ្វើឱ្យប្រជាជននៅទីជនបទ មានភាពរីកចម្រើនទាំងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងត្រូវអនុវត្តយុទ្ធសាស្ត្រពីរសំខាន់ៗ គឺ ទី១. លើកកម្ពស់ជីវភាពសហគមន៍ជនបទ និង ទី២. លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារជនបទ តាមរយៈការអភិវឌ្ឍជំនាញ ការផ្តល់ឥណទានជនបទ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការបង្កើតប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅទីជនបទ ឬ អ្នកមាន និងអ្នកក្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៍បានជម្រាបជូន លោកស្រីនាយិកា អំពីស្ថានភាពទឹកជំនន់នៅកម្ពុជាជាពិសេសតាមបណ្តាលខេត្តដែលរងផលបះពាល់ដោយសារទឹកជំនន់ ដូចជាខេត្តបន្ទាយមានជ័យ ពោធិសាត់ បាត់ដំបង និងបណ្តាខេត្តជាប់បឹងទន្លេសាប។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី  បានស្នើសុំឱ្យមានការផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្តជំនួយលើការស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៍បានលើកឡើងពីគម្រោង RID4CAM ដែលកំពុងដំណើរការ  គម្រោងនេះធានានូវការស្តារឡើងវិញនូវផ្លូវជនបទប្រវែង 550 គីឡូម៉ែត្រដែលរួមបញ្ជូលទាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការអនុវត្តអនាម័យល្អ និងសុខភាព។

​ជាការឆ្លើយតបលោកស្រី Sandrine BOUCHER បានបញ្ជាក់ថា ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ “AFD” មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ1993 ហើយបានគាំទ្រប្រទេសកម្ពុជា ដោយផ្តោតលើផ្នែករចនាសម្ព័ន្ធសំខាន់ៗ ដូចជាការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច (អគ្គិសនី ទឹក អនាម័យ ប្រព័ន្ធធារាសាស្ត្រ) ទីក្រុង និងតំបន់ជនបទ ។ ជាមួយនេះ AFD ក៏ចូលរួមយ៉ាងសកម្មក្នុងការជួយសម្រួលដល់ការទទួលបានសេវាមូលដ្ឋាននៅតំបន់ជនបទដែលមាន 70% នៃប្រជាជនកម្ពុជារស់នៅ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (ផ្លូវជនបទ) គឺជាអាទិភាពមួយក្នុងចំណោមគម្រោងជាច្រើនរបស់អង្គការ AFD ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងវិស័យអប់រំ។

លោកស្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី និងសហការី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៍ល្អជាមួយនិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នាពេលកន្លងមក ហើយលោកស្រីក៍បានសំណូមពរអោយក្រសួងអភិវឌ្ឍន៍ជនបទ បន្តជួយសម្របសម្រួល និង បន្តកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងដើម្បីសម្រេចទៅបានឆាប់តាមការគ្រោងទុក ៕

photo 2022 10 12 20 18 11photo 2022 10 12 20 18 14photo 2022 10 12 20 18 17photo 2022 10 12 20 18 19photo 2022 10 12 20 18 22photo 2022 10 12 20 18 25photo 2022 10 12 20 18 28photo 2022 10 12 20 18 30

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ