ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ៣ខ្សែ និងអញ្ជើញទស្សនកិច្ចក្រុមហ៊ុនផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់ មានជ័យ បីតាមីន នៅក្នុងខេត្តកំពង់ស្ពឺ
- ៩ នាទីមុន ថ្ងៃទី២៥ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ៣ខ្សែ និងអញ្ជើញទស្សនកិច្ចក្រុមហ៊ុនផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់ មានជ័យ បីតាមីន នៅក្នុងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ស្ពឺ ដូចខាងក្រោម៖
ផ្លូវវខ្សែទី១ មានប្រវែង ៤,៦០គីឡូម៉ែត្រ ចាប់ពីផ្លូវកៅស៊ូត្រង់ចំណុចភូមិកន្លង់ ទៅដល់សាលាបឋមសិក្សាពីរធ្នូ ស្ថិតនៅភូមិព្រៃរំដួលខាងកើត ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៩៥៧គ្រួសារ ស្មើនឹង ៣ ៩៩៨នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២ ៨៧១គ្រួសារ ស្មើនឹង ១១ ៩៩៤នាក់។
ផ្លូវខ្សែទី២ មានប្រវែង ៦,៣៥គីឡូម៉ែត្រ ចាប់ពីភូមិព្រៃរំដួលខាងជើង ឃុំបសេដ្ឋ ទៅភ្ជាប់ផ្លូវកៅស៊ូ ត្រង់ភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ៤៥០គ្រួសារ ស្មើនឹង ៥ ៩៩៦នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤ ៣៥០គ្រួសារ ស្មើនឹង ១៧ ៩៨៨នាក់។
ផ្លូវខ្សែទី៣ មានប្រវែង ៨,៧០គីឡូម៉ែត្រ ចាប់ផ្ដើមពីភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ទៅដល់ភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ២១០គ្រួសារ ស្មើនឹង ១១ ៩៣៤នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៦ ៦៣០គ្រួសារ ស្មើនឹង ៣៥ ៨០២នាក់។
គួរជម្រាបជូនដែរថា ដោយសារផ្លូវមានស្ថានភាពទ្រុឌទ្រោម និងទទឹងផ្លូវមានសភាពតូចចង្អៀតពិបាកធ្វើដំណើរ និងដោយទទួលបានសំណើរបស់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យជាក់ស្ដែង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់នោះ។ បន្ទាប់ពីបានពិនិត្យជាក់ស្ដែងរួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានចង្អុលបង្ហាញដល់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ ដាក់បញ្ចូលខ្សែផ្លូវខាងលើទៅក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំបន្ដបន្ទាប់។
ឆ្លៀតក្នុងឱកាសពិនិត្យស្ថានភាពផ្លូវនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុនផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់ មានជ័យ បីតាមីន ស្ថិតនៅក្រាំងពន្លៃ ឃុំគិរីវន្ដ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នក្រុមហ៊ុន មានជ័យ បីតាមីន មានរោងចក្រទំនើបចំនួន២ ដែលមានសមត្ថភាពផ្ទុកកៅស៊ូ លើសពី ១ ៥០០តោន និងប្រព័ន្ធខ្សែសង្វាក់ផលិតកម្មកៅស៊ូក្រាលថ្នល់ ដែលមានសមត្ថភាពផលិតបានចន្លោះពី ៣០-៣៥តោន ក្នុងរយៈពេលមួយម៉ោង។ ការអញ្ជើញទស្សនកិច្ចនាពេលនេះក្នុងគោលបំណងស្វែងយល់អំពីគុណភាពនៃការផលិតកៅស៊ូក្រាលថ្នល់របស់វិស័យឯកជន ដើម្បីចូលរួមពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរឹកមាំប្រើប្រាស់បានយូរអង្វែងជូនដល់ប្រជាពលរដ្ឋ៕














