ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី
- ៩ នាទីមុន ថ្ងៃទី២៣ ខែកុម្ភៈ ២០២៦
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី។ អញ្ជើញចូលរួមក្នុងជំនួបនាឱកាសនោះរួមមាន ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចជំនួបនាពេលនេះក្នុងគោលបំណងឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានាក្នុងឆ្នាំ ២០២៥ និងទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំ ២០២៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់គណៈប្រតិភូព្រឹទ្ធសភា ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីបេសកកម្មរបស់ក្រសួង ក្នុងការអភិវឌ្ឍន៍នៅតំបន់ជនបទ តាមរយៈការអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២៥-២០៣៥ និងបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលរួមមានទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២: ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ទី៣: ការអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ទី៤: ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទី៥: ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រ។ តាមរយៈការអនុវត្តកម្មវិធីអាទិភាពដែលបានជម្រាបជូនខាងលើ បានធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព ដែលជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក ក្រសួងក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ ដោយក្រសួងបានរៀបចំផែនការ និងទិសដៅយ៉ាងមុតស្រួចបន្ថែមទៀតដើម្បីបន្តនិរន្តភាពនៃការអភិវឌ្ឍន៍នៅតំបន់ជនបទឱ្យទទួលបានចីរភាពផងដែរ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានប្រតិភូ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ បានសម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប្រធានប្រតិភូ ក៏បានផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នៅតំបន់ជនបទឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕
Phnom Penh: In the morning of Monday, February 23, 2026, at the Ministry of Rural Development, His Excellency Chhay Rithisen, Minister of Rural Development, received the delegation of the Senate’s 3rd Commission, led by His Excellency Dr. Mong Rithy. Attending the meeting on that occasion included His Excellency Vice President of the third Senate’s Commision, His and Her Excellencies, members of the Senate’s 3rd Commission, His Excellency Permanent Secretary of State, and His and Her Excellencies, gentlemen, and ladies who are leaders of the Ministry of Rural Development. The purpose of this meeting was to understand the work progress, various challenges in 2025, and the Ministry’s work direction for 2026. To begin, His Excellency the Minister extended a warm welcome to the esteemed presence of the Senate delegation who visited the Ministry of Rural Development. His Excellency the Minister also informed the delegation about the Ministry’s mission in developing rural areas through the implementation of the National Policy on Rural Development, which has set the vision of “Building a prosperous Cambodian rural society that is inclusive, equitable, and sustainable in terms of economy, society, and culture,” in line with the National Policy on Rural Development 2025-2035. He also outlined five priority programs, including: 1: Development of resilient physical infrastructure and rural connectivity; 2: Enhancing access to clean water and rural environmental sanitation; 3: Rural community development and the model village movement; 4: Promoting economic diversification; and 5: Institutional management and support services. Through the implementation of the priority programs mentioned above, rural areas have become integrated, developed rapidly, and ensured sustainable income growth for families and well-being. This is a significant contribution to implementing the Royal Government’s Pentagonal Strategy-Phase 1, aimed at achieving the Cambodia Vision 2050 of becoming a high-income country. Alongside the many achievements made in the past, the Ministry also faces several challenges that need to be addressed continuously. The Ministry has prepared even sharper plans and directions to continue the sustainability of rural development to ensure its durability.
Following the welcome remarks by His Excellency the Minister, His Excellency Dr. Mong Reththy, Head of the Delegation, along with His and Her Excellencies, and accompanying delegates, expressed their congratulations and admiration for the many achievements the Ministry has accomplished in the past. At the same time, His Excellency Dr. Head of Delegation also offered several recommendations to contribute to making rural development even better.
