
ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ២:១៧ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
អញ្ជើញចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពទាំងអស់ក្រោមឱវាទក្រសួង ចំណែក ចំពោះឯកឧត្តម លោកជំទាវជាទីប្រឹក្សាក្រសួង ព្រមទាំងមន្រ្ដីរាជការក្រសួង មន្ទីរាជការតាមមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជេីញចូលួមតាមប្រព័ន្ធនិម្មិត (Zoom) មានចំនួនសរុប ៨៤១នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៥ ដោយបានបង្ហាញពីលទ្ធផលដែលសម្រេចបានតាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ កម្មវិធីទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ កម្មវិធីទី៣. ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ កម្មវិធីទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងកម្មវិធីទី៥ . ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។ តាមរយៈរបាយការណ៍បានបញ្ជាក់ថា៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពទាំង ៥ ខាងលើ សម្រេចបានជារួម ៥២,២៥% ។
បន្ទាប់មក លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញស្ដីពី ការវាយតម្លៃសូចនាករសមិទ្ធកម្មប្រចាំ ឆមាសទី១ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតទៅលើមាតិកា ៤ សំខាន់ៗគឺ ១-ទិដ្ឋភាពទូទៅនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ២-កិច្ចព្រមព្រៀងសមិទ្ធកម្ម ឆ្នាំ២០២៥ ៣-លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម និងទី៤-សេចក្ដីសន្និដ្ឋាន ដោយបានធ្វើការព្រៀបធៀបគោលដៅសម្រេចបាននៅឆ្នាំឆ្នាំ២០២៥ ខ្ពស់ជាងគោលដៅសម្រេចបានៅក្នុងឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វេីការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តការងារយ៉ាងសកម្ម ធ្វេីឱ្យក្រសួងសម្រេចបានសមិទ្ធផលជាច្រេីនស្របតាមផែនការ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ ដែលជាការបង្ហាញអំពីការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលជាមគ្គទេសក៍ពោរពេញដោយសមត្ថភាព និងឆន្ទៈយ៉ាងមុតមាំ ដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីពង្រឹងប្រសិទ្ធភាពការងារទាំងផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលលើវិស័យអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្ដរភាព ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូល បានបង្ហាញស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះយន្ដការរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហាលើបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទន្ទឹមនឹងយន្តការទ្វេរភាគីដើម្បីថែរក្សាថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង់ ព្រមទាំងបានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់ប្រភេទដែលកំពុងឈរជេីងការពារបូរណភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនមិនឱ្យអ្នកណាចូលឈ្លានពានបានឡើយ៕