
ឯកឧត្តមបណ្ឌិត លី ណារុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អមដំណើរដោយ ឯកឧត្តម សុង សូផល អនុរដ្ឋលេខាធិការក្រសួអភិវឌ្ឍន៍ជនបទ និងមានអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរងក្រុង/ស្រុក លោក-លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៤៨នាក់ ស្រ្តី ១០នាក់។
ក្រោយពីមតិស្វាគមន៍របស់លោក ធីម សុធារ៉ា ប្រធានមន្ទីរ ព្រមទាំងបទបង្ហាញស្តីពី របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់រួចមក ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីទាំងមូលផងដែរ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥គឺ៖ (កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ ១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២-បង្កើតការងារឱ្យបានកាន់តែច្រើន, ៣-សម្រេចឱ្យបាននូវគោលដៅ ៤-កាត់បន្ថយភាព ក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន ៥-ការធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ព្រមទាំងមានអាទិភាពគន្លឹះចំនួន៥រួមមាន(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល)ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។
ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យកាន់តែរីកចម្រើនជាលំដាប់ ដោយក្រសួងមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២-ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣-ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ៤-ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ៥-និងការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ៕