
ឯកឧត្តម អ៊ិន ចន្ថា បានអញ្ជើញចូលរួមមិទ្ទីញអបអរសាទរខួបលើកទី៤៨ នៃទិវាការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16
- ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួម មិទ្ទីញអបអរសាទរខួបលើកទី៤៨ នៃទិវាការចងចាំដំណើរឆ្ពោះទៅការផ្តួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពីអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ , ក្រសួងការបរទេស នៃប្រទេសវៀតណាម , សេនានុព័ន្ធយោធាប្រចាំនៅកម្ពុជា, ឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័ន, ឯកឧត្តម លោកជំទាវតំណាង រដ្ឋបាលគ្រប់រាជធានី ខេត្ត, លោក លោកស្រីតំណាងឱ្យក្រុមការងារ សសយក គ្រប់ក្រុង ស្រុក ខណ្ឌ មួយចំនួនទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នបានអញ្ជើញអុចធូបសុំសេចក្តីសុខនៅប្រាង្គព្រះអង្គគោកធ្លក, ការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមហាចេតិយ និងការអានរបាយការណ៍ ស្វាគមន៍ ស្តីពីប្រវត្តិសង្ខេប និងវឌ្ឍនភាពតំបន់ប្រវត្តិសាស្រ្តយោធាកោះថ្ម X16 រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បានថ្លែងសុន្ទរកថា និងលើកឡើងអំពីស្ថានការជម្លោះព្រំដែនរវាងកម្ពុជា ថៃ ដោយសារភាគីថៃ ប្រើផែនទី ឯកតោភាគី និង សារព័ត៌មានថៃផ្សាយបំភ្លើសការពិត នៃការជួប ពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងកាពារជាតិនៃប្រទេសទាំងពីរ។
អង្គពិធីក៏បានបញ្ចប់ទៅ ក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដែលពោរពេញដោយ ស្មារតីចងចាំជានិច្ច និងដឹងគុណបំណាច់ដ៏ធំធេងរបស់វិរយុទ្ធជន រីវយុទ្ធនារី កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាច ក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយនាំមកនូវ ការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
មុនបញ្ចប់កម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បានផ្តល់ អនុសាសន៍ណែនាំដ៏មានសារ:សំខាន់មួយចំនួនសម្រាប់ស្ថាប័នពាក់ព័ន្ធ នានា ជាពិសេសយុវជនជំនាន់ក្រោយឱ្យចូលរួមថែរក្សាសមិទ្ធផល ទាំងឡាយ និង ផ្សព្វផ្សាយអំពីសារ:សំខាន់តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 នេះឱ្យបានទូលំទូលាយ។