
ឯកឧត្ដម យឹម ជុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តឧត្តរមានជ័យ
- ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃសុក្រ ១០រោចខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តឧត្ដរមានជ័យ ។
កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីសំណាក់ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទសរុប ១៩នាក់។
ក្រោយពីបានស្តាប់ពីរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តត្រីមាសទី៣ រួចមក ឯកឧត្ដម យឹម ជុង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់មន្ត្រីជានិច្ច ។ ក្នុងនោះផងដែរ ឯកឧត្ដម ក៏បានណែនាំដល់មន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យចូលរួមអនុវត្តការងារទៅតាមផែនការសកម្មភាពឆ្នាំ២០២៥ ស្របតាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទដូចខាងក្រោម៖
ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់
ទី២-ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ
ទី៣-ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ
ទី៤-ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ
ទី៥-ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
ជាកិច្ចបញ្ជប់ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ដូចខាងក្រោម៖
១-រក្សាឱ្យបានទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរដែនដី ក្រុមប្រឹក្សា គ្រប់មន្ទីរជំនាញ ពាក់ព័ន្ធ។
២-ខិតខំពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ
៣-បន្ដពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង
៤-ចូលរួមផ្សព្វផ្សាយសមិទ្ធផលការងាររបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយ
៥-រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុង និងគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង
៦-រក្សាឱ្យបានអនាម័យល្អ និងបរិស្ថានការងារស្អាត នៅក្នុងបរិវេណមន្ទីរ៕