
ឯកឧត្តម ថោង ពោជ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅការងារត្រីមាសទី៣
- ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកែប៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ហួត សារីម អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅការងារត្រីមាសទី៣ របស់មន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តកែប ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរចំនួន ២១រូប។
ជាកិច្ចចាប់ផ្តើម លោក ហង្ស សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប បានឡើងរាយការណ៍សង្ខេបពីលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ និងលេីកទិសដៅការងារត្រីមាសទី៣ ។ ក្រោយពីបញ្ចប់សេចក្ដីរាយការណ៍ ឯកឧត្តមរដ្ឋលេខាធិការបានអនុញ្ញាតឱ្យមានកិច្ចពិភាក្សា។និងស្វែងរកដំណោះស្រាយនៅបញ្ហាដែលបានជួបប្រទះនាពេលដែលអនុវត្តសកម្មភាពការងារ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹក ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខមន្ត្រីជានិច្ច ។
នាឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបានវាយតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងអនុវត្តសកម្មភាពការងាររបស់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីទាំងអស់នៃមន្ទីរ ឱ្យចូលរួមអនុវត្តការងារទៅតាមផែនការសកម្មភាពឆ្នាំ២០២៥ ដូចខាងក្រោម៖
-រក្សាឱ្យបានទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរដែនដី ក្រុមប្រឹក្សា គ្រប់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធនានា
-ខិតខំពង្រីក និងពង្រឹងសមត្ថភាពបន្ថឋែម
-បន្ដពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង
-ចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលការងាររបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយ
-រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ
-គោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង
-រក្សាឱ្យបានអនាម័យល្អ និងបរិស្ថានការងារស្អាត នៅក្នុងមន្ទីរ៕