
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះវិហារ
- ២ ថ្ងៃមុន ថ្ងៃទី១៨ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះវិហារ៖ នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះវិហារ ។ សមាសភាពដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ រួមមាន៖ ឯកឧត្តម សេង សារី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ២៦រូប ស្រីចំនួន ៧រូប។
បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពរបស់ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងការចូលរួមមតិពីអង្គការដៃគូ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់មន្ទីរមួយចំនួនរួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានចូលរួមមតិចំពោះអង្គប្រជុំនូវចំណុចមួយចំនួនដូចខាងក្រោម៖
១. ការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងអង្គការដៃគូដែលបានអញ្ជើញចូលរួម។
២.ចូលរួមអបអរសាទរ ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត អង្គការដៃគូ និងប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដែលបានខិតខំជំរុញ និងអនុវត្តអនាម័យល្អ ធ្វើឲ្យខេត្តព្រះវិហារ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
៣. បានឯកភាពលើរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។
៤. ខិតខំអនុវត្តឲ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយយើងទាំងអស់គ្នាចូលរួមអនុវត្តន៍ឲ្យទទួលបានជោគជ័យនូវកម្មវិធីទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ទី៣. ជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ ទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង ទី៥. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
៥. ខិតខំពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់មន្រ្តីរាជការរបស់មន្ទីរឲ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ ផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧ ផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ លក្ខណវិនិច្ឆ័យ នីតិវិធីនៃការជ្រើសរើសភូមិគំរូ និងដំណើរការនៃការធ្វើបរិវត្តន៍កម្មឌីជីថលក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
៦. បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ យកចិត្តដាក់បន្តផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
៧.បន្តកិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
៨.សំណូមពរដល់អង្គការដៃគូនៅក្នុងខេត្តព្រះវិហារ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដើម្បីចូលរួមគាំទ្រដល់តម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋដែលបានភៀសខ្លួនមករកកន្លែងមានសុវត្ថិភាពបណ្តោះអាសន្ន នៅតាមបណ្តាទីតាំងដែលរដ្ឋបាលសាលាខេត្តព្រះវិហារបានរៀបចំ ពិសេសលើការងារទឹកស្អាត និងអនាម័យ៕
៩.ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ។
១០.ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូ កុំឱ្យលប់លូបង្ហូរទឹក និងលើកដីភូមិខ្ពស់ជាងផ្លូវ ដោយពុំមានការដាក់លូដើម្បីរំដោះទឹក។
១១.បង្កើនការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ បន្តកសាង និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។
១២.សូមចូលរួមថែរក្សាសម្ភារបរិក្ខារដែលជាព្រទ្យសម្បត្តិរដ្ឋ និងបរិស្ថានជុំវិញមន្ទីរឲ្យបានល្អ។
កិច្ចប្រជុំក៏បានពិភាក្សាលម្អិតផងដែរលើ៖
១.ផែនការផ្តល់អណ្តូងទឹក ចំនួន ១២កន្លែង សម្រាប់ទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ស្រុកគូលែន តាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស។
២.ផែនការសកម្មភាពមួយចំនួនជាមួយអង្គការដៃគូ ដើម្បីជួយដោះស្រាយតាមលទ្ធភាពដល់ប្រជាពលរដ្ឋដែលបានភៀសខ្លួនមករកកន្លែងមានសុវត្ថិភាពបណ្តោះអាសន្ន ស្ថិតនៅមណ្ឌលវត្តពោធិ៍ ៥ ០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន។