
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា”
- ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៦:៥៨ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាគរុគុណនៃកាយរឹទិ្ធជាតិកម្ពុជា ដែលមហាសន្និបាតនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។
គួរជម្រាបជូនផងដែរថា កាយរឹទិ្ធជាតិកម្ពុជា បានគាំទ្រយ៉ាងសកម្មដល់ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) ឆ្នាំ២០១៦-២០៣០, គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា, គោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិត, គោលនយោបាយអប់រំបរិយាបន្ន, និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ។ បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតដើម្បីគាំទ្រដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ស្តីពី ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ជាទិសដៅ កាយរឹទិ្ធជាតិកម្ពុជា បន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងប្រព័ន្ធកងល្បាតកាយរឹទិ្ធនៅតាមគ្រឹះស្ថាសិក្សា ដើម្បីគាំទ្រសកម្មភាពអាទិភាព និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជា ឱ្យចូលរួមយ៉ាងផុលផុសក្នុងការអនុវត្តគម្រោងសកម្មភាពនៅតាមសហគមន៍នានា សម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ៕