លោកជំទាវ ម៉ាត់ ម៉ារ៉ា បានដឹកនាំក្រុមការងារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ” ការលើកកម្ពស់ការយល់ដឹងពីជំងឺអេដស៍ កាមរោគ សុខភាពបន្តពូជ និងគ្រឿងញៀន ” នៅខេត្តតាកែវ
- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុ្រក ៣រោច ខែជេស្ធ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ស្រុកទ្រាំង និងក្រុមប្រឹក្សាឃុំត្រឡាច បានរៀបចំសិក្ខាសាលា ស្ដីពី “ការលើកកម្ពស់ការ យល់ដឹងពីជំងឺអេដស៍ កាមរោគ សុខភាពបន្តពូជ និងគ្រឿងញៀន” នៅសាលាឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
សិក្ខាសាលានេះ មានការចូលរួមពី ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងអជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក សរុបទាំងអស់ចំនួន ៦៦ នាក់ ស្រី ៤៦នាក់ ដែលក្នុងនោះរួមមាន លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ លោក គី សុផល ប្រធាននាយកដ្ឋានសេដ្ឋកិច្ចជនបទ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមជាមួយមន្ត្រីបច្ចេកទេសជាច្រើនរូបទៀតផងដែរ។
សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណង៖
១. ផ្សព្វផ្សាយអំពីការយល់ដឹងពីជំងឺអេដស៏ទៅក្នុងសុខភាពបន្តពូជ កាមរោគនិងគ្រឿងញៀន។
២. ឲ្យសហគមន៍យល់ដឹងពីជំងឺអេដស៏ ការឆ្លងមេរោគអេដស៏ និងវិធីសាស្រ្តការពារការឆ្លងជំងឺអេដស៏
៣. ការប្រើប្រាស់ឱសថ ការពារមុន និង ក្រោយឆ្លង មេរោគអេដស៏
៤. ការស្ម័គ្រចិត្តធ្វេីតេស្តឈាមរកមេរោគអេដស៏និងកាមរោគ
៥. ផ្សព្វផ្សាយដល់យុវវ័យចាប់ពី១៥ឆ្នាំឡើងដែលជាវ័យបន្តពូជ
ជាលទ្ធផល៖
– បងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីជំងឺអេដស៏និងកាមរោគ
– បងប្អូនបានចូលរួមពិភាក្សា មានសំណួរពាក់ព័ន្ធជំងឺអេដស៏និងកាមរោគ
– បានយល់ដឹងពីវិធីការពារកុំអោយឆ្លងអេដស៏និងកាមរោគ
– ប្តេជ្ញាបន្តផ្សព្វផ្សាយដល់គ្រប់កម្មវិធីអភិវឌ្ឍន៏ក្នុងឃុំអោយបានទូលំទូលាយ
– បានសហការធ្វេីតេស្តរកមេរោគអេដស៏និងកាមរោគ។
