ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារផ្លូវថែទាំប្រចាំ និងថែទាំខួប ចំនួន ២គម្រោង
- ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:២១ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យវាយតម្លៃប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារផ្លូវថែទាំប្រចាំ និងថែទាំខួប ចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ស្ពឺ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ រួមមានដូចខាងក្រោម ៖
គម្រោងទី១ ៖ ការងារថែទាំផ្លូវខួបចំនួន ៣ខ្សែ ដោយក្រាលល្បាយថ្មភ្នំ និងក្រាលល្បាយក្រួស ប្រវែងសរុប ១៨ ៣០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និង៤,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅក្នុងឃុំជំពូព្រឹក ស្រុក សាមគ្គីមុនីជ័យ និងឃុំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (បញ្ចប់សុពលភាព)។
គម្រោងទី២ ៖ ការងារថែទាំប្រចាំផ្លូវចំនួន ១៣ខ្សែ ប្រវែងសរុប ១២៦ ៥៥០ម៉ែត្រ (វាយតម្លៃដំណាក់កាលទី១) ក្នុងនោះរួមមាន ៖
+ ផ្លូវក្រាលកៅស៊ូ DBSTចំនួន ១០ខ្សែ ប្រវែងសរុប ៨៦ ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំក្រាំងចេក ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំរុងរឿង ឃុំសង្កែសាទប ឃុំរស្មីសាមគ្គី ឃុំមហាសាំង ឃុំតាំងស្យា ឃុំព្រៃរំដួល ឃុំចាន់សែន ឃុំរលាំងចក ឃុំពេជ្រមុនី ឃុំអូរ ឃុំជាំសង្កែ ឃុំព្រៃក្មេង ឃុំស្គុះ ឃុំសែនដី និងឃុំសំបួរ ស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
+ ផ្លូវក្រាលល្បាយក្រួសចំនួន ៣ខ្សែ ប្រវែងសរុប ៣៩ ៧៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅក្នុងឃុំខ្ទុំក្រាំង ឃុំព្រៃក្រសាំង និងឃុំជាំសង្កែ ស្រុកសាមគ្គីមុនីជ័យ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាគ្នារួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកការងារប្រគល់ទទួល និងការងារបញ្ចប់រយៈពេលធានាសុពលភាពចំពោះគម្រោងទាំង២ខាងលើនេះ៕
