
ឯកឧត្ដម គង់ វីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ
- ១០ ម៉ោងមុន ថ្ងៃទី៧ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គង់ វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ រួចមក ឯកឧត្ដមអនុរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញការងារប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជាការតម្រង់ទិសសម្រាប់ការអនុវត្តតួនាទី ភារកិច្ចឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អ និងស្របតាមគោលការណ៍ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ”៕