ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវអញ្ជើញទៅចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
- ៧ នាទីមុន ថ្ងៃទី១០ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ឆ្នាំង៖ នារសៀលសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅសាលាបុណ្យ ភូមិស្រែតាជ័យខាងលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ជើញទៅចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ។
សូមបញ្ជាក់ជូនផងដែរថា នៅស្រុកទឹកផុសមានការិយាល័យបោះឆ្នោតសរុប ១០៤ការិយាល័យ និងនៅស្រុកសាមគ្គីមានជ័យមាន ១២៨ការិយាល័យ ដោយឡែកនៅឃុំអភិវឌ្ឍន៍មាន ១៥ការិយាល័យ សម្រាប់បំរើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរ បស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល ២៦ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ដោយធ្វើការទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។ គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព ។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឃុំទាំង១៩ នៃស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងត្រូវត្រៀម ឯកសារគ្រប់គ្រាន់អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា និងទាន់ពេលវេលា៕