
ក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទ បានរៀបចំវគ្គបណ្តាលស្តីពី “ការអនុវត្តគោលការណ៍ណែនាំជាតិ ការផ្ទៀងផ្តាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកោះកុង
- ២០ ម៉ោងមុន ថ្ងៃទី២ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកោះកុង៖ នាថ្ងៃអង្គារ ៣កើត-ពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំនាញនៃនាយកដ្ឋានថែទាំសុខភាពជនបទ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តគោលការណ៍ណែនាំជាតិ ការផ្ទៀងផ្តាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដល់ក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទ” នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។
សមាសភាពអញ្ជើញចូលរួមមាន លោក វណ្ណ ថាឫទ្ធិ ប្រធានការិយាល័យ មន្រ្តីជំនាញ នៃនាយកដ្ឋានថែទាំសុខភាពជនបទ លោកអនុប្រធានមន្ទីរទទួលបន្ទុកការងារទឹកស្អាត ការសំអាត និងអនាម័យជនបទ លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក លោកស្រី ប្រធានមន្ទីរពាក់ពន្ធ័ លោក លោកស្រីអភិបាលនៃគណៈអភិបាលស្រុក ក្រុង លោក លោកស្រីក្រុមប្រឹក្សាឃុំសង្កាត់ទាំង២៩ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទ សរុបចំនួន ៥៥នាក់ ស្រី៩នាក់។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងគឺដើម្បី៖
១. ផ្តល់ចំណេះដឹង គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពី ការផ្ទៀងផ្ទាត់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF/ODF+) ភូមិ ឃុំ ស្រុក ក្រុង និងខេត្ត។
២. អនុវត្តជាក់ស្ដែងក្នុងការងារផ្ទៀងផ្ទាត់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលតាម ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្តរបស់ខ្លួនកំពុងរស់នៅ។