
ឯកឧត្តម ផូ ផារិទ្ធ ដឹកនាំគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃផ្លូវ និងសំណង់សិល្បការ្យ នៅស្រុកសំបូរ
- ២២ ម៉ោងមុន ថ្ងៃទី២ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ ៖ នាថ្ងៃពុធ ៤កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅពិនិត្យ និងវាយតម្លៃការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ខ្សែ មានប្រវែង ១១,៣គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សំណង់លូមូលមុខបី ចំនួន ៣កន្លែង និងលូមូលមុខពីរចំនួន ២ចំនួន តភ្ជាប់ពីភូមិកំពង់ឈើទាល ទៅភូមិតាអោក ឃុំសំបូរណ៍ ទៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
បន្ទាប់ពីបានត្រួតពិនិត្យសំណង់ខាងលើរួចមកគណៈកម្មកការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ផូ ផារិទ្ធ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ។
ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនេះឱបានល្អដើម្បីប្រើប្រាស់បានយូអង្វែង៕