
ឯកឧត្តម ជា ស៊្រុន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសខ្សែផ្លូវអាទិភាព ដើម្បីដាក់ក្នុងគម្រោងស្ថាបនា ក្នុងឆ្នាំ២០២៦ នៅតាមរាជធានី ខេត្ត ទាំង២៥
- ១២ ម៉ោងមុន ថ្ងៃទី១ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសខ្សែផ្លូវអាទិភាព ដើម្បីដាក់ក្នុងគម្រោងស្ថាបនាក្នុងឆ្នាំ២០២៦ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋានជំនាញ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត។
កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើខ្សែផ្លូវអាទិភាពដែលមាននៅក្នុងផែនការមេផ្លូវជនបទ ២០២៥-២០២៧ ដើម្បីស្ថាបនា ស្ដារឡើងវិញ និងលើកកម្រិតគុណភាព នៅតាមរាជធានី ខេត្ត ទាំង២៥ ក្នុងឆ្នាំ២០២៦ ខាងមុខនេះ និងបានដាក់បញ្ចូលខ្សែផ្លូវថ្មី ចូលក្នុងផែនការ ៣ឆ្នាំរំកិល ២០២៦-២០២៨។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើខ្សែផ្លូវ និងស្ពាន សរុបចំនួន ២១៣គម្រោង ដោយអង្គប្រជុំបានសម្រេចជ្រើសរើសខ្សែផ្លូវ និងស្ពានអាទិភាព ចំនួន ១៩៣គម្រោង ដើម្បីពិនិត្យ ពិភាក្សាបន្ដ និងដាក់ចូលក្នុងផែនការ ៣ឆ្នាំរំកិល ២០២៦-២០២៨ បន្ដទៀតរបស់ក្រសួង ៕