
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងនៃគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ជាមួយដៃគូរអភិវឌ្ឍន៍។
- ៣ ម៉ោងមុន ថ្ងៃទី៣០ ខែមេសា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងនៃគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ជាមួយតំណាងដៃគូអភិវឌ្ឍន៍។
មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះវត្តមានដ៏ថ្លៃថ្លារបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានឆ្លៀតពេលវេលាចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដោយហេតុថា ការងារអភិវឌ្ឍន៍ជនបទមានវិសាលភាពធំទូលាយ និងពហុវិស័យ ក្រសួងត្រូវធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាជាសហថាមពលស្របតាមគោលការណ៍ រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវ ក្នុងគោលដៅធ្វើការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន ប្រកបដោយសុខដុមនីយកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ មេត្តាចូលរួមផ្ដល់ធាតុចូលប្រកបដោយស្មារតីស្ថាបនា ដើម្បីជួយឱ្យគោលនយោបាយអភិវឌ្ឍន៍ជនបទនេះ មានគុណភាព ប្រកបដោយភាពប្រាកដនិយម អាចអនុវត្តបានសម្រាប់កិច្ចការអភិវឌ្ឍ មានសមិទ្ធផលជាក់ស្ដែងលើដីជូនដល់ប្រជាជនកម្ពុជា ស្របតាមបរិបទនៃការអភិវឌ្ឍប្រទេសជាតិ។ បន្ទាប់ពីប្រសាសន៍បើករបស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញស្ដីពី សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដែលផ្ដោតលើចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ដ្រ កម្មវិធី និងវិធីសាស្ដ្រ ជូនដល់អង្គពិធីទាំងមូល។ បន្ទាប់មកអង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងគោលនយោបាយនេះ ព្រមទាំងបានចូលរួមមតិយោបល់ ដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀត ធ្វើឱ្យសេចក្ដីព្រាងគោលនយោបាននេះ កាន់តែមានគុណភាព និរន្ដរភាព និងមានសង្គតិភាពទៅនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
ក្រោយពីទទួលបាននូវធាតុចូលដ៏មានសារៈសំខាន់ពីអង្គពិធីទាំងមូលរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីស្ថាបនា ក្នុងការផ្តល់នូវធាតុចូលល្អៗ ព្រមទាំងបានផ្ដល់អនុសាសន៍ដល់ក្រុមការងារតាក់ចែងគោលនយោបាយ រៀបចំកែសម្រួលដោយដាក់បញ្ចូលនូវធាតុចូលដែលទទួលបាននាថ្ងៃនេះ ដើម្បីកែលម្អសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ឱ្យកាន់តែល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងក្លាយជាផែនការមេរយៈពេលវែង ដែលជាត្រីវិស័យបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតប្រកបដោយបុរេសកម្ម៕