
ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននៅខេត្តតាកែវ
- ៩ នាទីមុន ថ្ងៃទី៣០ ខែមេសា ២០២៥
- ព័ត៌មានទាន់ហេតុការណ៍

ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីនេះបានប្រារព្ធនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមជាអធិបតីពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងឯកឧត្តម រដ្ឋមន្ត្រី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបរួមប្រមាណជា ៥០០០ នាក់។ ការសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិទាំង៣ខ្សែនេះ គឺជាខ្សែផ្លូវដែលជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា ក្នុងនោះមានដូចជា ៖
១. ផ្លូវជាតិលេខ៣១៖ មានប្រវែងសរុប ៥៣,៥៣៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៧ សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ សាងសង់ផ្លូវវាងទីប្រជុំជនចំនួន ២កន្លែង ផ្លូវវាងទី១ មានប្រវែង ៤,៦គីឡូម៉ែត្រ និងផ្លូវវាងទី២ មានប្រវែង ៤គីឡូម៉ែត្រ ស្ពានថ្មីចំនួន ១កន្លែង ប្រវែងសរុប ៦០ម៉ែត្រ និងមានទទឹងប្រវែង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ ព្រមទាំងសំំណង់សិល្បការ្យមួយចំនួនទៀត ចំណាយថវិកាប្រមាណ ៦០លាន ដុល្លារអាមេរិក។
២. ផ្លូវជាតិលេខ៣៣៖ មានប្រវែងសរុប ៥២,៥៧៧គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីក្រុងកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក ឬច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩) ឆ្លងកាត់ខេត្តកំពត និងខេត្តកែប ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និង ៧សង់ទីម៉ែត្រ និងផ្លូវបេតុងសរសៃដែក កម្រាស់ ២៣សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ និងមានទទឹង ១២ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួនទៀត ចំណាយថវិកាប្រមាណ ៦១លាន ដុល្លារអាមេរិក។
៣. ផ្លូវជាតិលេខ៤១៖ មានប្រវែងសរុបចំនួន ៩៥,២៦៩គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ទៅដល់ស្រុកជុំគិរី (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ឆ្លងកាត់ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ និងខេត្តកំពត ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ ការសាងសង់ពង្រីកស្ពានចាស់ ១កន្លែង (ស្ពានគុណគ្រូ) ប្រវែងប្រមាណ ២០០ម៉ែត្រ ព្រមទាំង សំណង់សិល្បការ្យមួយចំនួនទៀតចំណាយថវិកាប្រមាណ ៦៧លាន ដុល្លារអាមេរិក។
ជារួមផ្លូវជាតិទាំង៣ខ្សែនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នានៅក្នុងផែនការ ប៉ុន្តែតាមការអនុវត្តគម្រោងជាក់ស្តែងគឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះមុនផែនការកំណត់។