
ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៦ ថ្ងៃមុន ថ្ងៃទី២៥ ខែមេសា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារឧសភា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាអមក្រសួង, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៥ ដោយបានបញ្ជាក់អំពីវឌ្ឍនភាពតាមកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យជនបទ, ទី៣. ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ទី៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងទី៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាព និងទិសដៅការងាររួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅរាជធានី ខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម តាមផែនការសកម្មភាព ក្នុងក្របខ័ណ្ឌតួនាទី ភារកិច្ចរបស់ក្រសួង រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា សមិទ្ធផលដែលក្រសួងសម្រេចបានទាំងនេះ កំពុងវិវត្តលើមាគ៌ាដ៏ត្រឹមត្រូវដើម្បីបម្រើផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជននៅតំបន់ជនបទ ដោយបានធ្វើឱ្យលក្ខខណ្ឌនៃការរស់នៅរបស់ពួកគាត់មានភាពកាន់តែប្រសើរឡើង និងកំពុងចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ និងស័ក្ដិសិទ្ធិភាព ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងស្របតាមអភិក្រមពង្រឹង ៧០% និងពង្រីក ៣០%៕