
ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ
- ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអង្គារ ១៣កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែងសរុប ៤ ២០០ម ទទឹង ៦ម ចិញ្ចេីមផ្លូវក្រាលដីល្បាយក្រួសសងខាង ម្ខាងៗ ១ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខបីចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៥កន្លែង ស្ថិតនៅភូមិព្រែកអន្ទះ ឃុំព្រែកអន្ទះ ទៅភូមិព្រែកជ្រៃក្រោម ឃុំព្រែកជ្រៃ ស្រុកពោធ៏រៀង ខេត្តព្រៃវែង ។
ពិធីបេីកការដ្ឋាននេះមានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារនាយកដ្ឋានស្ថាបនា និងវិស្វកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹកលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាមគ្គុទេសឯក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំបន្តរវេន ប្រកបដោយគតិបណ្ឌិត និងថាមពល និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ នេះ ។