នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅស្រុកស្ទឹងត្រង់
- ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពង់ចាម ៖ នាថ្ងៃ ព្រហស្បតិ៍ ៨កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២០៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក យស សុីមករា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្ដីបច្ចេកទេស ដោយមានការសម្របសម្រួលពី លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កំពង់ចាម ព្រមទាំងសមាជិ កក្រុមការងារបច្ចេកទេស លោក មេឃុំ លោក លោកស្រីជំទប់ទី១ លោក លោកស្រីជំទប់ទី២ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមហៅកាត់ថា (គ.អ.ភ) បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិសំបូរឃុំសូភាស ស្រុកស្ទឹងត្រង់ និងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក យស សុីមករា បានបញ្ជាក់ថា ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះមានគោលបំណង ដើម្បីពិនិត្យពីការអភិវឌ្ឍរបស់ភូមិគំរូ ដែលបានស្នើសុំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ព្រមទាំងសិក្សាពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។ ក្រោយពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំង២ភូមិក្នុងខេត្តកំពង់ចាមរួចមក ក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃនេះជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងការកំណត់ និងឯកភាពនូវលទ្ធផលរួមក្នុងការវាយតម្លៃភូមិគំរូ ព្រមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការបញ្ចូលប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធព័ត៌មានវិទ្យា៕
