ឯកឧត្តម ផូ ផារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំរៀបចំសូចនាករកម្រិតកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព សម្រាប់ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៏ជនបទ។
- ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំរៀបចំសូចនាករកម្រិតកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព សម្រាប់ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៏ជនបទ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គាធិការ ឯកឧត្តម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គនាយកបច្ចេកទេស ឯកឧត្ដម លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៣៨នាក់ ស្រី ០៨នាក់។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីត្រៀមលក្ខណ:ប្រជុំពិនិត្យ ពិភាក្សាជាមួយនឹងអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសូចនាករឆ្នាំ២០២៦ សម្រាប់រៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មកម្រិតទី១ ឆ្នាំ២០២៦ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ៣ឆ្នាំរំកិលឆ្នាំ២០២៦ -២០២៨ និងការរៀបចំថវិកាប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខតាមប្រតិទិនថវិកា។
នៅក្នុងកិច្ចប្រជុំនេះផងដែរមានការបើកកិច្ចពិភាក្សាយ៉ាងផុលផុស ក្នុងការស្វែងរកគន្លឹះដើម្បីឆ្លើយតប និងត្រៀមធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរ ។ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះ ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីត្រៀមការពារគម្រោងថវិការបស់ខ្លួន នៅពេលចូលរួមកិច្ចប្រជុំចរចាថវិកាឆ្នាំ២០២៦ ។
