ឯកឧត្តម អ៉ិន ចន្ថា ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ នៅខេត្តកណ្ដាល
- ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកណ្តាល៖នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ពីភូមិវាលត្រែង ទៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ គម្រោងនេះអនុវត្តដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ចែកជូនដល់មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែទាំផ្លូវ និងលូ ដើម្បីរក្សាគុណភាពក្នុងការប្រើប្រាស់ ឱ្យបានយូរអង្វែង ហើយចាត់ទុកថាសមិទ្ធផលទាំងនេះ ជារបស់សហគមន៍ពួកគាត់ ។
ក្រោយពីបានចុះត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារ គណៈកម្មការសម្រេចទទួលយក១០០ % ។
