មន្ទីរអភិវឌ្ឍន៍ជនបទខេត្តជួបប្រជុំជាមួយអង្គការទស្សនៈពិភពលោក ពីប្រព័ន្ធចែកចាយទឹកនៅស្រុកស្វាតចេក
- ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្ដបន្ទាយមានជ័យ ៖ នាថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ុំ ឌីណុច ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ តំណាង លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក សាន ពិសិដ្ឋ អនុប្រធានការិយាល័យ លោក កាន ថាណារៈ អនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំជាមួយអង្គការទស្សនៈពិភពលោកប្រចាំតំបន់ស្រុកស្វាយចេក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងផែនការសហការលើការងារប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ដែលគាំទ្រដោយអង្គការទស្សនៈពិភពលោកប្រចាំស្រុកស្វាយចេក។
សូមបញ្ជាក់ថា៖ ប្រព័ន្ធចែកចាយទឹកនៅស្រុកស្វាតចេកមាន ១០កន្លែង ក្នុងនោះសង់ថ្មីមាន ៧កន្លែង និងជួសជុលមាន ៣កន្លែង។
កិច្ចប្រជុំបានឯកភាពលើចំណុចមួយចំនួនដូចខាងក្រោមនេះ ៖
១.ប្រជុំរួមគ្នាធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈប្រព័ន្ធចែកចាយទឹកខ្នាតតូចសហគមន៍តាមស្ថានភាពជាក់ស្តែង
២.ប្រជុំជាមួយគណៈកម្មការ អង្គការ និងអាជ្ញាធរ ភូមិ ឃុំ ស្រុក និងមន្ទីរ ពិនិត្យ និងសម្រេចពង្រាងលក្ខន្តិកៈដែលបានធ្វើបច្ចុប្បន្នភាព
៣.បោះឆ្នោតជ្រើសរើសគណៈកម្មការឡើងវិញសម្រាប់ប្រព័ន្ធចែកចាយទឹកដែលមានបញ្ហា ដូចជានៅ ដូនណូយ ផ្លាស់កង់ និងសារង្គ
៤.បណ្តុះបណ្តាលលក្ខន្តិកៈថ្មី និងការធ្វើបញ្ជីគណនេយ្យថ្មី
៥.មន្ទីរនឹងផ្តល់បច្ចេកទេស ចំពោះប្រព័ន្ធចែកចាយដែលយកប្រភពទឹកដែលល្អក់ខ្លាំង និងប្រភពទឹកមានការប្រែប្រួល
៦.មន្ទីរនឹងផ្តល់បច្ចេកទេសចំពោះស្ថានីយដែលចង់ធ្វើទំនើបកម្មពីការដាក់សាជូមិនមានកំរិតច្បាស់លាស់ មកដាក់ ម្សៅ PAC វិញ ដោយប្រើម៉ូទ័រស្វ័យប្រវត្តិ(ស្ថានីយផ្លាស់កង់)៕
