ឯកឧត្តម លី ណារុន បានអញ្ញើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី”ការបូកសរុបលទ្ធផលប្រចាំឆ្នាំ លើការងារឥណទានជនបទ”
- ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៧:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ញើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី”ការបូកសរុបលទ្ធផលប្រចាំឆ្នាំ លើការងារឥណទានជនបទ” ដែលបានរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរគ្រប់បណ្តាខេត្តគោលដៅ ប្រធាន និងមន្រ្តីអង្គភាពអនុវត្តគម្រោងឥណទាន ព្រមទាំងមន្រ្តីទទួលបន្ទុកការងារឥណទានសរុបចំនួន ៥២រូប (ស្រី ១០នាក់)។
គោលបំណងនៃការរៀបចំសិក្ខាសាលា គឺដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ផែនការអនុវត្តបន្ត លើការងារឥណទានជនបទ និងសហគមន៍សន្សំប្រាក់។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ ក៏ដូចជាសំណូមពរមួយចំនួនដូចខាងក្រោម:
១.ពិនិត្យ និងរៀបចំគោលនយោបាយ គាំទ្រអនុវត្តការងារឥណទានបន្ត
២.បន្តការផ្តល់ឥណទានជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ស្របច្បាប់ ដោយស្របតាមការណែនាំរបស់ក្រសួង
៣.ពិនិត្យ និងរៀបចំកែសម្រួល យន្តការរចនាសម្ព័ន្ធធ្វើការកែសម្រួលលើគោលការណ៍ឥណទាន និងការធ្វើនិយ័តកម្មការងារមួយចំនួនទៀតរបស់គម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទឱ្យមានប្រសិទ្ធភាពខ្ពស់
៤.ពង្រឹង និងជម្រុញប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង អនុវត្តតាមផែនការយុទ្ធសាស្ត្រដែលបានរៀបចំឡើង ហើយត្រូវបានថ្នាក់ដឹកនាំសម្រេច
៥.ផ្តល់ការបណ្តុះបណ្តាលជំនាញដល់មន្រ្តីអនុវត្តគម្រោងលើប្រតិបត្តិការហិរញ្ញវត្ថុ និងរដ្ឋបាល
៦.ពង្រឹងការផ្តល់សេវាឥណទានដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គុណភាព និងរហ័សទាន់ចិត្ត។
