ឯកឧត្តម ឌៀប កាណូរ៉ា ដឹកនាំមន្រ្តីបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃ សមិទ្ធផលរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (Habitat for Humanity Cambodia) ក្នុងខេត្តសៀមរាប។
- ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តសៀមរាប៖ នាថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការនិងជាអនុប្រធានគណៈកម្មការសម្របសម្រួលការងារជាមួយអង្គការមិនមែនរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ ចុះត្រួតពិនិត្យ និងវាយតម្លៃ សមិទ្ធផលរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (Habitat for Humanity Cambodia) ក្នុងខេត្តសៀមរាប។
កម្មវិធីទស្សនកិច្ចចុះត្រួតពិនិត្យនេះមានការចូលរួមពី លោក ស៊ីម មករា អនុប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ លោក អ៊ុក ឆៃយ៉ា អនុប្រធានការិយាល័យសន្តិសុខស្បៀង នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ រួមជាមួយមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អមជាមួយនឹងក្រុមការងារប្រតិបត្តិកម្មវិធី នៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (Habitat for Humanity Cambodia)ផងដែរ។
កិច្ចទស្សនៈកិច្ចនេះមានលទ្ធផលនិងសកម្មភាពដូចខាងក្រោម៖
១. បានចុះពិនិត្យគម្រោងលំនៅឋានសង្គមកិច្ច ដែលមានចំនួន ៣៨ខ្នងផ្ទះ (ផ្ទះភ្លោះ) និងមានគ្រួសាររស់នៅចំនួន៧៥គ្រួសារ នៅភូមិវាល សង្កាត់សំបូរ ក្រុងសៀមរាប
២.បានចុះត្រួតពិនិត្យដំណើរការនៃស្ថានីយ៍ផលិតទឹកបរិសុទ្ធសហគមន៍តានី នៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯក
៣.បានចុះជួបគ្រួសារអ្នកទទួលផល (ផ្ទះ បង្គន់ និងការប្រកបមុខរបរចិញ្ចឹមជីវិត) នៅភូមិត្រែងកើត ឃុំត្រែង ស្រុកបន្ទាយស្រី
៤.បានចុះត្រួតពិនិត្យដំណើរការនៃស្ថានីយ៍ប្រព័ន្ធចែកចាយទឹកស្អាត ចំនួន១០០ខ្នងផ្ទះ នៅភូមិពឿងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
