មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន
- ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពមន្ទីរ

ខេត្តប៉ៃលិន៖ នាថ្ងៃព្រហស្បត៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង”ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ស្ថិតនៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។
កម្មវិធីនេះមានគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង ដោយមានការចូលរួមពីក្រុមការងារសម្របសម្រួលគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន អាជ្ញាធរក្រុង សង្កាត់ ភូមិ និងកសិករគំរូសរុបចំនួន ៤៩នាក់ ស្រីចំនួន ២៣នាក់។
បញ្ជាក់៖គម្រោងភូមិសន្តិភាពបានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលក្នុងគោលដៅខេត្តប៉ៃលិន បានជ្រើសរើសមេក្រុមកសិករគំរូចំនួន ១៩ក្រុម និងកសិករគំរូចំនួន ៥៨៥ គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា (CamGAP) ដើម្បីផលិតផលផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព។ គម្រោងបន្តចុះផ្ដល់ប្រឹក្សាបច្ចេកទេសដល់សមាជិកជាបន្ដបន្ទាប់ និងលើកទឹកចិត្តឱ្យកសិករដាំដុះបន្ថែមទៀត និងរៀបចំផែនការដើម្បីបង្កើត និងប្រមូលចងក្រងជាបណ្តុំបន្លែ។
